(ភ្នំពេញ)៖ ស្របពេលដែលមរណភាពរបស់ លោកដុកទ័រ Beat Richner ជាដុកទ័រសប្បុរសធម៌មួយរូប បានផ្ដល់នូវក្ដីស្រឡាញ់ បានបូជាទាំងកំលាំងកាយ និងកំលាំងចិត្ត ពេញមួយជីវិត របស់លោកនៅក្នុងការជួយសង្គ្រោះ ជីវិតកុមារកម្ពុជា រាប់លាននាក់ បានធ្វើឲ្យប្រជាជនខ្មែរ សម្ដែងក្ដីសោកស្តាយ និងសោកសៅជាពន់ពេក។ យ៉ាងណាមិញនៅថ្ងៃនេះ អ្នកនិពន្ធបទ​ចម្រៀងល្បីឈ្មោះ គឺលោក យឹម តាស្រង់ បានបង្ហោះវីដេអូចម្រៀង មានចំណងជើង «គន្ធបុប្ផា និងក្តីសង្ឃឹម» ដែលលោកបាននិពន្ធ និងបានបញ្ចេញកាលពីប៉ុន្មានឆ្នាំមុន ដើម្បីជាការរំឭកដល់ មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសនោះ គឺលោកដុកទ័រ Beat Richner ដែលបានសង្គ្រោះជីវិតកុមារកម្ពុជា។

ជាក់ស្ដែងលោក យឹម តាស្រង់ បានបង្ហោះសារ ព្រមទាំងបង្ហាញនូវអារម្មណ៍យ៉ាងសោកសៅថា «នេះជាបទចម្រៀងដែលខ្ញុំនិពន្ធឡើង អំពីមន្ទីរពេទ្យគន្ធបុប្ផា កាលពីប៉ុន្មានឆ្នាំមុន ថ្ងៃនេះ លោកតា ដែលបានចំណាយពេលវេលា ទំាងកំលាំងកាយចិត្ត ស្ទើរពេញមួយជីវិត ដើម្បីកុមារក្រីក្រប្រទេសខ្ញុំ។ លោកបានលាចាកលោកនេះហើយ ខ្ញុំមានអារម្មណ៍សោកសៅបំផុត ខ្ញុំបាននិយាយប្រាប់កូនៗខ្ញុំថា កាលកូននៅពីតូច គឺប៉ាតែងនំាកូនទៅពេទ្យគន្ធបុប្ផា ទីនោះហើយដែលជួយជីវិតកូន ពេលដែលប៉ាគ្មានលុយនំាកូនទៅព្យាបាល​នៅមន្ទីរពេទ្យឈ្នួល ឬមន្ទីរពេទ្យរដ្ឋមួយចំនួន»

លោកបានបន្ថែមទៀតថា «មន្ទីរពេទ្យនេះ គឺលោកតាម្នាក់នេះហើយ ដែលពុះពារជួយស្ទើរពេញមួយជីវិត តែនៅពេលនេះគាត់លាចាកលោកនេះហើយ។ សូមវិញាណលោកតា ទៅកាន់សុគតិភព ជាចុងក្រោយ សូមអរគុណនូវទឹកចិត្តសប្បុរស ដែលលោកតែងលះបង់សម្រាប់ជនជាតិខ្ញុំ រួមទំាងគ្រួសារខ្ញុំ»

ខាងក្រោមនេះជា អត្ថន័យនៃបទចម្រៀង «គន្ធបុប្ផា និងក្តីសង្ឃឹម» ចូលរួម ទស្សនាបទចម្រៀង ខាងក្រោមនេះទាំងអស់គ្នា៖