(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់  អ្នកនាង ម៉េង កែវពេជ្ជតា ថ្មីៗនេះ បានផ្ទុះប្រតិកម្មលើបុរសម្ចាស់ Account Facebook មួយ ដែលបានផ្ញើសាររិះគន់នាង ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា នាងជាតារាចម្រៀងស្រី ដែលមានអាយុច្រើន ប្រៀបបាននឹងសត្វគោចាស់។

ការរិះគន់នេះបានធ្វើឡើង បន្ទាប់ពីតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារភ្ជាប់ជាមួយរូបភាពអំឡុងពេលនាង ស្នាក់នៅប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីមហោស្រព Dieppe ០៨.០៩.២០១៨ រួមទាំងការសម្តែងសិល្បៈ ចម្រៀង របាំ និងតន្ត្រីនោះថា «ពួកយើងមកកាន់ទីនេះ ដោយបេះដូសេចក្តីស្នេហា ៣យ៉ាង ធ្វើឲ្យខ្ញុំប្រឹងតស៊ូជំនះឧបសគ្គ ដោយមិនរួញរា គឺទី១-ព្រោះតែស្នេហាវប្បធម៌ខ្មែរ,ទី២ -ព្រោះតែស្នេហាវិស័យសិល្បៈ និងទី៣-ព្រោះតែស្នេហាជាតិ ទឹកដី និងចង់តបស្នងសងគុណដល់ទឹកដីកំណើតខ្លួន ដោយការលើកគុណតម្លៃផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ»

ស្របពេលដែលមានការ បញ្ចេញសំណេរបែបនេះ ពីសំណាក់អ្នកនាង ម៉េង កែវពេជ្ជតា ភ្លាមៗនោះក៏ស្រាប់តែមានម្ចាស់ Account Facebook មួយមានឈ្មោះថា «ឈុន អេង» បានផ្ញើសារចូលរិះគន់ថា «អ្នកណាយកគោចាស់ទៅសម្ដែង ច្បាស់ណាស់នឹងអត់មានអ្នកចូលមើលសិល្បៈ ម្នាក់នេះចង្រៃដល់គេខ្លាំងណាស់»

ដោយមិនបង្អង់យូរ អ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខឆ្លើយតប ដោយមិនសំចៃមាត់វិញថា «ដោយសារគោចាស់​នេះហើយ ទើបកើតបានជាផ្លូវដែលត្រួសត្រាយស្រាប់ សម្រាប់ងាយស្រួលដល់គោក្មេងជំនាន់ក្រោយ។ អ្នកមើលងាយមនុស្សចាស់ មើលងាយរបស់ចាស់ សុទ្ធតែជាមនុស្សគ្មានប្រយោជន៍ និងនាំតែចង្រៃដល់សង្គម ព្រមទាំងជាមនុស្សគ្មានកំណើតទេ។ កុំភ្លេចថា ព្រោះតែមានស្រីក្បាលកញ្ចាស់ជាម៉ែ ទើបចេញក្បាលអាក្មេងមកមានជីវិតជីវ៉ាដល់រាល់ថ្ងៃ។ កុំអកត្តញ្ញូពេក ក្រែងរស់មិនបានដល់ក្បាលកញ្ចាស់»

អ្នកនាង ម៉េង កែវពេជ្ជតា បន្តទៀតថា «មុខនេះ មិនក្មេងដូចអាយុទេ ហើយក៏មិនដឹងថា អាចរស់បានដល់ឲ្យក្មេងហៅថាក្បាលកញ្ចាស់ដែរឬអត់ទេ បើឈ្លើយមើលងាយមនុស្សចាស់ម្ល៉ឹងៗ។ អ្នកណាតាំងខ្លួនជាចាស់ទុំ ? ក្រែងឯងទេតើ ដែលថាយើងថាចាស់ ហើយសម្តីឈ្លើយមាក់ងាយយើងថា ជាគោចាស់នោះ តើវាពីរោះណាស់មែនទេ? យើងប្រមាថ ឬ មិនប្រមាថអ្នកចេះដឹង គេចេះគិតហើយ បើអាគាត់ឯងមិនមាក់ងាយគេ គេក៏មិនបានតមាត់ ជាមួយឯងនូវពាក្យនេះដែរ»។ បន្ថែមពីលើនេះ អ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងថា «បើយើងជាបិសាច អ៊ីចឹងមានតែឯងជាប្រេតតិរច្ឆាន ជាសត្វនរកសម្តីយើងប៉ុណ្ណេះ វាសក្តិសមប្រើជាមួយសម្តីមាក់ងាយ ដ៏ឈ្លើយរបស់ឯងហើយ តែយើងអាចមានពាក្យសាហាវជាងនេះ បើសិនជាឯងនៅតែឈ្លើយ»