(ភ្នំពេញ)៖ ស្របពេលដែលមរណភាពរបស់ លោកដុកទ័រ Beat Richner ជាដុកទ័រសប្បុរសធម៌មួយរូប បានផ្ដល់នូវក្ដីស្រឡាញ់ ក្ដីអាណិតសូរ ចំពោះកុមារកម្ពុជា និងមានសណ្ដានចិត្តល្អ ព្រមទាំងបានបូជាទាំងកំលាំងកាយ និងកំលាំងចិត្ត ស្ទើរតែពេញមួយជីវិត របស់លោកនៅក្នុងការជួយសង្គ្រោះ ជីវិតកុមារកម្ពុជា រាប់លាននាក់ បានធ្វើឲ្យប្រជាជនខ្មែរ សម្ដែងក្ដីសោកស្តាយ និងសោកសៅជាពន់ពេក ខណៈដែលបាត់បង់ វីរជន ដ៏មានសប្បុរស មួយរូបសម្រាប់កម្ពុជា។  

ជាមួយគ្នានេះដែរ ក៏មានអ្នកសិល្បៈល្បីៗ ជាច្រើនរូប ដែលធ្លាប់តែធ្វើការ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ពេលកន្លងទៅ ក៏បានបញ្ចេញភាពស្លុតចិត្ត និងក្រៀមក្រំជាពន់ពេក ចំពោះការបាត់បង់ លោក ដុកទ័រ Beat Richner។

ជាក់ស្ដែង ដោយយោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់សិល្បករ-សិល្បការិនីខ្មែរជាច្រើនដួង ដែលរួមមាន ដូចជាកញ្ញា ឱក សុគន្ធកញ្ញា, មាស សុខសោភា, លោក ឆន សុវណ្ណារាជ និងសិល្បករ-សិល្បការិនីជាច្រើនទៀត បានបង្ហោះនូវសារ ដ៏ក្រៀមក្រំ ចូលរួមរំលែកទុក្ខ ដល់គ្រួសារ របស់លោកដុកទ័រ Beat Richner  ជាមួយនឹងទឹកចិត្តចងចាំគុណរបស់លោក ដែលធ្វើចំពោះកុមារកម្ពុជាកន្លងមក ព្រមទាំងបួងសួងឲ្យវិញ្ញាណក្ខន្ធ របស់លោក បានទៅកាន់ សុគតិភព ផងដែរ៕