(ភ្នំពេញ)៖​ យោងតាមដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះនារសៀលនេះថា «ក្រោមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងគោរវិញ្ញាណក្ខន្ធលោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឋា នៅមុនការប្រកួតមិត្តភាពអន្ដរជាតិរវាងកម្ពុជា និងម៉ាឡេស៊ីល្ងាចនេះ»

សូមរំឭកថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក កាលពីថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ បន្ទាប់ពីលោកវេជ្ជបណ្ឌិត បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ ។ ប៉ុន្ដែទោះបីជាគ្មានឈាមជ័រជាខ្មែរ តែលោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា ។

ក្រោយទទួលដំណឹងមរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យថ្នាក់ដឹកនាំ មន្ដ្រីគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋខ្មែរ សម្ដែងនូវការស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំង ចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកផងដែរ៕