(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀងគ្រប់ទម្រង់ និងគ្រប់ចង្វាក់ ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ដើម្បីរាំលេងកំសាន្ត និងអបអរសាទរក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលនឹងខិតជិតចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខ ខណៈនេះមានចម្រៀងមួយបទទៀតហើយ គឺបទថ្មីរបស់ លោក សុខ ដែន មានចំណងជើងថា «ជុំគ្នាថ្ងៃភ្ជុំបិណ្ឌ» ជាចង្វាក់ រាំវង់ប្រពៃណីខ្មែរ លាយឡំជាមួយនឹងចង្វាក់រ៉េប កំពុងតែឆក់យកបេះដូងទស្សនិជន។

 បទថ្មីទើបនឹងចេញរបស់លោក សុខ ដែន ដែលមានចំណងជើងថា «ជុំគ្នាថ្ងៃភ្ជុំបិណ្ឌ» មួយនេះ មិនត្រឹមតែមាន ទឹកដមសំនៀងយ៉ាងពីរោះ រណ្ដំចិត្តនោះទេ ថែមទាំងមាន MV ល្អទស្សនា ជាពិសេសនោះ គឺបានបញ្ចូលជាមួយនឹងសាច់រឿងបែបកំប្លុកកំប្លែង ទៀតផង។

តារាចម្រៀងលោក សុខដែន បានឲ្យដឹងថា ការបញ្ចេញ MV ថ្មីនៅពេលនេះ គឺជាការអបអរឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីខ្មែរមួយយ៉ាងធំ ហើយលោករំពឹងថា បទចម្រៀងនេះ នឹងទទួលបានការគាំទ្រ ក៏ដូចជាជោគជ័យ ព្រោះតែលោកបានបញ្ចូលនូវរសជាតិថ្មី និងមានបន្ថែមឈុតកំប្លុកកំប្លែង ប្លែកភ្នែកទៀតផង។

គួររំឭកផងដែរថា លោក សុខ ដែន គឺជា តារាចម្រៀងព្រមទាំងជាអ្នកដឹកនាំផ្ទាល់ នូវរាល់បទចម្រៀងនីមួយៗរបស់លោក ដែលទទួលបានការគាំទ្រខ្លាំងគួរសម ពីសំណាក់ទស្សនិកជន៕