(ភ្នំពេញ)៖ ក្រោយអាក់ខានការសម្តែងកន្លងមក ធ្វើអោយក្រុមក្រុមកំប្លែង​នាយកុយហាក់បីស្ងប់ស្ងាត់មួយរយៈ។​ ថ្មីៗការអះអាងរបស់​នាយកុយ ធ្វើឡើងតាមរយៈការ Live វីដេអូ ពីសំណាក់តារាកំប្លែងជើងចាស់នាយ កុយ ក្នុងគោលបំណងជជែកកំសាន្តលេង ជាមួយទស្សនិកជន និងដើម្បីផ្តល់ដំណឹងដ៏រីករាយនេះ ឲ្យទស្សនិកជន​បានជ្រាបផងនោះ។ ជាក់ស្តែង ក្នុងវីដេអូនេះ លោកបាន ប្រាប់ដល់ទស្សនិកជនយ៉ាងដូច្នេះថា «ក្រុមកំប្លែងរបស់លោក បានវិលទៅសម្តែង ក្នុងស្ថានីយសម្តែងវិញហើយ គឺនឹងត្រូវសម្តែងក្នុងកម្មវិធី មន្តស្នេហ៍សំនៀង របស់ស្ថានីយ៍ទូរទស្សន៍ CTN នៅថ្ងៃសៅរ៍ទី ១៥ ខាងមុននេះ»

ជាមួយគ្នានេះ លោកក៏បានធ្វើការប្រការស្វែងរកសមាជិករួមក្រុម គឺនាង ឃ្មឹប ព្រោះទំនាក់ទំនងទៅមិនបានសោះ។ នាយកុយបាននិយាយ ដោយមានខ្លឹមសារថា «ដោយសារទំនាក់ទំនងទៅមិនបាន ដូច្នេះបើនាង ឃ្មឹប បានឃើញវីដេអូនេះ សូមទាក់ទងមកផង ហើយចូលមកសម្តែងកំប្លែងវិញផង ដើម្បីកំដរអារម្មណ៍ទស្សនិកជន ទោះបីជាបានចំណូលបន្តិចបន្តួចក្តី តែមានវាចំណែកមួយក្នុងការជួយគ្នាទៅវិញទៅមក ក្នុងវិស័យសិល្បៈ»

យ៉ាងណាមិញ ជាមួយដំណឹងនេះ គឺបានធ្វើឲ្យទស្សិកជន ដែលធ្លាប់តែគាំទ្រ និងតាមដានការសម្តែង​របស់ក្រុមតារាកំប្លែងនាយកុយ ពីមុនមក មានការរីករាយយ៉ាងខ្លាំង ហើយពួកគេភាគច្រើន ក៏កំពុងតែរង់ចាំ​ការសម្តែងរបស់នាយ កុយបន្តទៀតផងដែរ។

គួរជម្រាបថា ជាមួយនឹងវិលមកសម្តែងកំប្លែង ក្នុងស្ថានីយទូរទស្សន៍វិញ សំណាក់ក្រុមកំប្លែងនាយកុយ ក្រោមការផ្តល់ឱកាសពីអ្នករៀបចំកម្មវិធីទូរទស្សន៍ CTN នៅពេលនេះ គឺបានធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង ព្រោះនេះជាចំណែកមួយ ជួយដល់សមាជិកកំប្លែងទាំងអស់ មានការងារធ្វើ អាចរកចំណូលបានវិញ។ អ្វីដែលសំខាន់ គឺមិនបោះបង់អ្នកដែលមានទេពសល្យចោល បើទោះបីជាតារាកំប្លែងចំណូលថ្មីចេះតែកើនឡើងក៏ដោយ៕