(ញូវយ៉ក)៖ កីឡាករវាយកូនបាល់ទោល លំដាប់លេខ៤ ពិភពលោក Novak Djokovic បានគ្រងតំណែងជើងឯកពាន US Open 2018 ក្រោយយកឈ្នះគូប្រជែងជនជាតិអាហ្សង់ទីន Juan Martin del Potro ក្នុងវគ្គផ្តាច់ព្រ័ត្រនាយប់មិញ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ការប្រកួតដែលបានធ្វើឡើងនៅលើទីលាន Arthur Ashe កីឡាករជនជាតិស៊ែប៊ី វ័យ៣១ឆ្នាំ Djokovic បានប្រើពេល ៣ម៉ោង និង១៦នាទីទម្រាំយកឈ្នះ Potro បានក្នុងលទ្ធផល ៣-០ ជាមួយនឹងលំដាប់ពិន្ទុ ៦-៣ ៧៦ (៧-៤) និង ៦-៣ ដើម្បីឈ្នះពាន US Open របស់អាមេរិកជាលើកទី៣ និងជាពានលើកទី១៤ ក្នុងក្របខណ្ឌកំពូល Grand Slam ក្នុងអាជីព Tennis របស់រូបគេផងដែរ ស្មើកំណត់ត្រារបស់អតីតជើងខ្លាំង Pete៕