(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ រកបានជ័យជម្នះលើកទី១ ក្រោយបញ្ចប់យុទ្ធនាការ World Cup 2018 តាមរយៈយកឈ្នះក្រុមភ្ញៀវប៉េរូ ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅទីក្រុង Munich នាយប់មិញនេះ។

២គ្រាប់ជ័យជម្នះរបស់ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ជាគ្រាប់វាយបក ក្រោយពេលកីឡាករ Advincula បានស៊ុតគ្រាប់នាំមុខ ឲ្យប៉េរូនៅនាទីទី២២ ពីការធ្វើបានសម្រេចដោយកីឡាករ Brandt នៅនាទីទី២៥ និងមិត្តរួមជាតិ Schulz នៅនាទីទី៨៥ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីទល់នឹងក្រុមមកពីតំបន់អាមេរិកឡាទីន ប៉េរូ។

សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតលើកទី២ សម្រាប់អាល្លឺម៉ង់ ជាមួយនឹង១ប្រកួតដំបូងក្រោយបញ្ចប់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ដោយបានប្រកួតស្មើទល់នឹងក្រុមជើងឯក World Cup 2018 បារាំង ក្នុងលទ្ធផល ០-០ ក្នុងពានរង្វាន់ UEFA Nationals League៕