(ភ្នំពេញ)៖ អ្នកមេម៉ាយចាងរាង សាច់​សខ្ចីគ្មានកូន១គឺ​តារាចម្រៀង សុខ ស្រីនាង ត្រូវបានលោកថៅកែហង្សមាស ​ពេញ​ចិត្តពេញថ្លើម នូវទេពកោសល្យសម្តែងកុនរបស់នាង រហូត​ទម្លាក់​ឲ្យ​ធ្វើជាតួឯកជាប់ៗគ្នា ខណៈដែល ស្រីនាង មានរូបសម្រស់កាន់តែប្លែកទៅៗ មិនចាញ់កាលនៅក្រមុំនោះឡើយ។ នាងបានប្រឹងវិវឌ្ឍន៍ខ្លួន ពីការធ្លាប់​តែច្រៀងបែបស្រគត់ស្រ​គំ មកជាលេងក្បាច់រាំ និងមានក្រុមរាំអមអាជីព ដូចតារាល្បីៗផ្សេងៗ ទៀតដែរ។

យ៉ាងណាមិញ បន្ទាប់ពីឆក់បានតំណែងតួឯក២រឿងជាប់គ្នា គឺរឿង «រាជិនីភូមិគ្រឹះ» និងរឿង «ខ្ញុំមានញាណលើស» របស់ក្រុមហ៊ុនហង្សមាស ព្រមទាំងល្បីបាន១បទ «ហត់ទេស្រលាញ់គេម្នាក់ឯង?» នោះ ទីបំផុត អតីតតារាចម្រៀងផលិតកម្ម KH និងសាន់ដេ នេះ បានទាមទារឡើងតម្លៃខ្លួន ទាំងច្រៀង Concert ធំៗ និងតាមប៉ុស្តិ៍ទូរទស្សន៍ នេះបើតាម​អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រី ទាំងឡាយបានបង្ហើបប្រាប់ឲ្យដឹង កាលពីពេលថ្មីៗនេះ។

ព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានឲ្យដឹងថា ការច្រៀង Concert ធំៗ អ្នកមេម៉ាយវ័យក្មេងសាច់សខ្ចីរូបនេះ ឡើងថ្លៃពី ១០០០ ទៅ ១៥០០ដុល្លារ ចំណែការច្រៀងតាមប៉ុស្តិ៍វិញ ១កម្មវិធីស៊ីថ្លៃ ៥០០ដុល្លារ ដែលផ្ទុយពីការកំណត់របស់សមាគមទូរទស្សន៍ ធ្លាប់​ចែងថា តារាល្បីប៉ុនណាក៏មិនឲ្យយកថ្លៃលើសពី ១០០ដុល្លារ សម្រាប់ការច្រៀងតាមទូរទស្សន៍នោះដែរ។

អ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនតាមប៉ុស្តិ៍ទូរទស្សន៍ បានថ្ងូរថា ពួកគេឈឺក្បាល ដោយសារតែអ្នកមេម៉ាយ សុខ ស្រីនាង ទារ​ឡើងថ្លៃ​១គុណជា២នេះ។ តែយ៉ាងណា​មិនមែនតែស្រីនាងម្នាក់នោះទេ គឺឲ្យតែតារាល្បីៗនៅឆ្នាំ២០១៨នេះ ណាត់គ្នា​ទារឡើងថ្លៃទាំងអស់គ្នាតែម្ដង។ ប៉ុន្តែ អ្នកជំនាញសិល្បៈបានឲ្យដឹងថា ស្រីនាង មិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស ជាមួយតារាចម្រៀងខ្លាំងៗដូចជា ឱក សុគន្ធកញ្ញា, ពេជ្រ សោភា ឬសួស វីសា បានឡើយ ព្រោះថា សមត្ថភាព​នាងច្រៀងមធ្យម ហើយមិនអាចប្រើប្រាស់សំឡេងច្រៀងបទណាមានតុងខ្ពស់ៗបាននោះទេ។

​សូមរំឭកថា សុខ ស្រីនាង បានដើរចេញពីផលិតកម្ម សាន់ដេ ចូលទៅផ្ញើប្រាណជាមួយទ្រនំធំហង្សមាស ដែលប្រជុំ​ទៅដោយតារាខ្លាំងៗ ជាច្រើនដួង។ ហង្សមាស បានធ្វើឲ្យស្រីនាង លោតឡើងវិញបន្តិច តាមរយៈការបោះបទឲ្យច្រៀង «ហត់ទេស្រលាញ់គេម្នាក់ឯង?» និងតួឯក២រឿងជាប់គ្នា គឺរឿង «រាជិនីភូមិគ្រឹះ» និងរឿង «ខ្ញុំមានញាណលើស»៕