(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិជាផ្លូវការ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ហើយនេះគឺជាការប្រកួតដំបូងរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Keisuke Honda។

សូមរំឭកថា បើគិតចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា មិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើម៉ាឡេស៊ីឡើយ តួយ៉ាងឆ្នាំ២០០៧ ចាញ់ម៉ាឡេស៊ី ៦-០ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១២ ចាញ់ម៉ាឡេស៊ី ២-១ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១៤ ចាញ់ម៉ាឡេស៊ី ៤-១ ក្នុងជំនួបមិត្តភាព និងឆ្នាំ២០១៦ កម្ពុជា ចាញ់ម៉ាឡេស៊ី ៣-២ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup នៅលើទឹកដីមីយ៉ាន់ម៉ា។

ប៉ុន្ដែយ៉ាងណាល្ងាចនេះ អាចចាត់ទុកជារជ្ជកាលថ្មី ដោយក្រុមជម្រើសជាតិកម្ពុជា មិនត្រឹមតែផ្លាស់ប្ដូរគ្រូបង្វឹក ដឹកនាំដោយកីឡាករលំដាប់អន្ដរជាតិ Keisuke Honda នោះទេ សូម្បីកីឡាករក៏មានការផ្លាស់ប្ដូរច្រើនផងដែរ ជាក់ស្ដែងកីឡាករ ចាន់ វឌ្ឍនាកា ដែលជាអ្នកទាត់បំប៉ោងសំណាញ់ទីក្រុមម៉ាឡេស៊ី ២គ្រាប់ម្នាក់ឯង កាលពីឆ្នាំ២០១៦ ក៏មិនមានវត្តមានដែរ ព្រោះតែបញ្ហារបួស។

យ៉ាងណាមិញលោក Honda នៅតែមានជំនឿចិត្តខ្ពស់លើកូនក្រុមខ្លួន នឹងធ្វើបានល្អ នៅក្នុងការប្រកួតមិត្តភាពល្ងាចនេះ ទោះបីលោកចាត់ទុកក្រុមម៉ាឡេស៊ី គឺជាក្រុមខ្លាំងមួយក្នុងតំបន់ក៏ដោយ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីម្សិលមិញ៕