(ភ្នំពេញ)៖ ពិតជារឿងមួយនឹងស្មានមិនសល់ ខណៈដែលតារាចម្រៀងបែបយុវវ័យលោក ងួន ចាន់ដេវីត ហៅ G-Devith បានលះបង់នូវធនធានរបស់ខ្លួន ជូនដល់គូស្នេហ៍ដល់ថ្នាក់នេះ ដោយលោកបានទិញមាសទាំងតំឡឹងៗ ជូនដល់កញ្ញា ទេព បូព្រឹក្ស ជាម្ចាស់ចិត្ត ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ស្ទើរមិនគួរឲ្យជឿ។

តារាចម្រៀងប្រុសស្រីពីរដួង ដែលជាតារាចម្រៀងគូស្នេហ៍ ផ្អែមល្ហែម លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម ជាពិសេសក្នុងស្រទាប់យុវវ័យ។ យ៉ាងណាមិញទំនាក់ទំនងស្នេហា របស់តារាស្រីប្រុសវ័យក្មេង ដែលនិយមលេងស្ទីល តែងខ្លួនបែបបរទេស កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ហៅ G-Devith កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាងក្រោយប្រកាសនូវចំណងស្នេហ៍របស់ខ្លួន ជាសាធារណៈរួចមក បើគិតមកដល់ថ្ងៃនេះ ស្នេហាកម្លោះក្រមុំទាំង២ គឺបានផ្ដើមពន្លកស្នេហ៍ នឹងចាប់ដៃគ្នាសាងអនុស្សាវរីយ៍ បានរយៈពេល២ឆ្នាំមកហើយ។ លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ក៏បានធ្វើពិធីជប់លៀងគម្រប់ខួបស្នេហ៍ ២ឆ្នាំរបស់ពួកគេ ហើយជាការកត់សម្គាល់ គេបានឃើញអ្នកទាំងពីរ ជូនកាដូជារបស់មានតម្លៃ ឲ្យគ្នាទៅវិញទៅមក ក្នុងឱកាសដ៏មានអត្ថន័យនេះ។ ​នៅក្នុង ឱកាសគម្រប់ខួបស្នេហ៍២ឆ្នាំនេះដែរ ម្ចាស់បទ «Body» រូបនេះ ក៏មិនភ្លេចទិញកាដូដ៏មានតម្លៃ លេងសុទ្ធតែជា​ខ្សែដៃគូស្នេហ៍ មាសទំហំធំដាំពេជ្រ​ជូននាង ដើម្បីបង្ហាញពីភក្ដីភាព ដែលខ្លួនមានចំពោះសង្សារសំណព្វចិត្តទៀតផង។

ជាក់ស្ដែង តាមរយៈការស៊ែររបស់ពួកគែបានបង្ហាញនូវខ្សែដៃមាសទាំងតំឡឹង ដាំត្បូងភ្លឺចិញ្ចែងចិញ្ចាច រួមទាំងមាន​ដាក់ឈ្មោះអ្នកទាំង២ យ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបជំនួសមិនតិចទេ។

គួររំឭកដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ស្រីស្រស់ ទេព បូព្រឹក្ស ក៏បានទើបទិញខ្សែក​ដាំពេជ្រជូន លោក ងួន ចាន់ដេវីត ដូចគ្នា ផងដែរ៕