(ភ្នំពេញ)៖ គេនៅចាំ​បានថា នាអំឡុងពេលនោះដែរ  គឺលោក តាន់ គឹមសួរ និងអាចារ្យ​ ធំ ​ក៏បានគ្រងនូវឈុតសម្លៀកបំពាក់ ទម្រង់ល្ខោនខោល ដោយម្នាក់ដើរតួជាតួអង្គរសត្វស្វា និងម្នាក់ទៀតជាយក្ស ហើយបានជិះស៊ីក្លូ ក្រវែលពេញកណ្តាលទីក្រុងភ្នំពេញ ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរក៏បានធ្វើដំណើរ ទៅខាងមុខព្រះបរមរាជរាំង តាមរយៈ​ការលុតអង្គុងលើកដៃសំពះ អង្វរ សុំឲ្យមហាជនខ្មែរគ្រប់មជ្ឈដ្ឋាន ចូលរួមលើកស្ទួយ និងអភិរក្សដល់ល្ខោនខោល ខ្មែរ​ទៀតផង។

ចំពោះទង្វើរ របស់អ្នកទាំងពីរលោក តាន់ គឹមសួរ និងអាចារ្យ ធំ កាលនោះ គឺមានមតិពីរផ្សេងគ្នា បានលើកឡើង ដោយមាន​មហាជនមួយចំនួន លើកសរសើរពីសកម្មភាពបំផុសស្មារតី ដល់ប្រជាពលរដ្ឋខ្មែរទាក់ទងវិស័យសិល្បៈល្ខោនខោល។ ចំ​ណែកឯមតិផ្ទុយពីនេះ គឺមានទស្សនៈមួយចំនួនទៀត បានធ្វើការរិះគន់ និងបង្ហាញការមិនពេញចិត្ត លើទង្វើរលោក តាន់ គឹមសួរ និងអាចារ្យ ​​ធំ ថា ការធ្វើដូច្នេះនាំឲ្យប៉ះពាល់ ដល់តម្លៃវប្បធម៌ជាតិ (ល្ខោនខោល) និង​ហាក់កំពុងមើលងាយល្ខោនខោល​ខ្លួនឯង។

ដើម្បីស្រាយចម្ងល់ និងបញ្ជាក់ពីចេតនាពិតរបស់ខ្លួន រួមនឹងក្រុមការងារមានអាចារ្យ ធំ ផងនោះ លោក តាន់ គឹមសួរ មុននេះបន្តិចបានបញ្ចេញនូវវីដេអូទាក់ទង ពីល្ខោនខោលភ្ជាប់ជាមួយសំណេរ លើកឡើងថា «តាមពិតទៅ UNESCO បាន​សម្រេចដាក់ល្ខោនខោលខ្មែរយើង ចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយពួកយើង​គ្រាន់តែឆ្លៀតយកឱកាសល្អនេះ ដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះ ឲ្យតម្លៃនិងស្តាយ​ស្រណោះ ចំពោះសម្បត្តិដូនតា ដែលបន្សល់ទុកឲ្យតែប៉ុណ្ណោះ»។ ក៏ប៉ុន្តែយើងមិនដឹងថាតើលោកបានព័ត៍មានថា «UNESCO បានសម្រេចដាក់ល្ខោនខោលខ្មែរយើង ចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយ» មកពីខាងណានោះទេ?

លោក តាន់ គឹមសួរ បានបន្ថែមថា «ខុសទាស់យ៉ាងណា អាចដាក់ទោសខ្ញុំ Tan Kimsour ជាអ្នកផ្តើមគំនិត និង អាចារ្យ ​ធំ នគររាជ បានទៅតាមផ្លូវច្បាប់ ពីបទប្រមាថមើលងាយវប្បធម៌ខ្មែរ ពួកយើងនឹងចូលខ្លួន ដើម្បីប្រឈមមុខជាមួយច្បាប់ ដោយ​ក្តីពេញចិត្ត​អ្នកផ្សេង គឺគ្មានការពាក់ព័ន្ធដាច់ខាត។ សូមអរគុណយ៉ាងខ្លាំង ចំពោះបងស្រី Chanlakhena Chorn និង លោក ប៉ែន ចំរ៉ុង ដែលផ្តល់កិត្តិយស ដ៏មានតម្លៃចូលរួម»