(ភ្នំពេញ)៖ ទោះបីជាខ្លួនមានជំងឺប្រចាំកាយក្តី ប៉ុន្តែតារាចម្រៀងជើងចាស់ ដែលទើបវិញមករកសិល្បៈវិញ លោក ចាន់ សម័យ ហាក់មានការខ្នះខ្នែងខ្លាំង ក្នុងការរកចំណូលបន្ថែម។ បើគេនៅចាំមិនភ្លេច លោក ចាន់ សម័យ កំពុងតែត្រៀមខ្លួន ទៅច្រៀងនៅប្រទេសបារាំង នាពេលឆាប់ៗខាងមុននេះហើយ ខណៈការចេញទៅច្រៀងនេះ ត្រូវបានគេដឹងថា ក្នុងគោលបំណង ដើម្បីស្វែងរកជំនួយមកជួយក្មេងកំព្រា ជនចាស់ជរា ដែលកំពុងរស់នៅក្នុងជីវភាពខ្វះខាត។ តែយ៉ាងណា បើក្រឡេកមកមើលជីវភាពលោក ចាន់ សម័យ នៅពេលនេះ បានប្រសើរជាងមុនច្រើន​ អ្វីដែលទស្សនិកជន ចាប់អារម្មណ៍ លោក​បានបន្ថែមរបរលក់សម្លៀកបំពាក់កីឡា ទៀតផង។

ដូចទស្សនិកជន បានដឹងពីមុនមកហើយថា ក្រោយពីជីវិត ម្ចាស់បទ F4 «មិនស្រឡាញ់អូនមិនបាន» គឺលោក ចាន់ សម័យ ជួបការលំបាក និងជីវភាពរស់នៅ បួករួមទាំងមានជំងឺប្រចាំកាយទៀតនោះ បានធ្វើឲ្យលោកប្រៀបដូចជាមនុស្សម្នាក់ មិនចង់ដឹងឮនៅរឿងអ្វីទាំងអស់ រស់នៅមានព្រឹកខ្វះល្ងាច មានល្ងាចខ្វះព្រឹក។ តែក្រោយពេលដែលថ្នាក់ដឹកនាំ មិត្តសិល្បៈជាច្រើន ព្រមទាំងសប្បុរជន បានរួមគ្នាជួយឧបត្ថម្ភនោះ ពេលនេះ​លោក ចាន់ សម័យ អាចក្រោកចេញពីជីវភាពក្រលំបាក ហើយមានលិទ្ធភាពព្យាបាលជំងឺ និងបន្តការងារសិល្បៈ បានដូចកាលពីមុនបានហើយ ដែរធ្វើអោយជីវភាពគ្រួសារគាត់បានធូជាងមុននិងបានបន្ថែមមុខរបរមួយទៀត គឺលក់សម្លៀកបំពាក់កីឡា សម្រាប់តម្រូវការមនុស្សដែលស្រឡាញ់ និងចូលចិត្តលេងកីឡានាៗ ហើយក៏ កំពុងតែត្រៀមខ្លួនចេញទៅសម្តែង ក៏ដូចជាច្រៀង ចែកជូនបងប្អូននៅបារាំងទស្សនាផងដែរ។ ហើយការចេញទៅនេះ ក្នុងគោលបំណង ដើម្បីស្វែងរកជំនួយ មកជួយក្មេងកំព្រា ជនចាស់ជរា កម្ពុជាដែលកំពុងរស់នៅក្នុងជីវភាពខ្វះខាត។

គួរជម្រាបថា ជាមួយនឹងទង្វើ​ ក៏ដូចជាការស្តារនូវជីវភាពឡើងវិញ បានយ៉ាងឆាប់រហ័សពីសំណាក់ លោក ចាន់ សម័យ នៅពេលនេះ គឺបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនក្នុងបណ្តាញសង្គមសរសើរលោកគ្រប់ៗគ្នា បើទោះបីជាមានជំងឺ ទើបតែស្រួលបានបន្តិចមែន តែលោកនៅឆ្លៀតគិតគូ ពីសុខទុក្ខរបស់មនុស្សដទៃទៀត៕