(ភ្នំពេញ)៖ នៅសល់រយៈពេល ២ថ្ងៃទៀតប៉ុណ្ណោះ ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងមកដល់ហើយ ពោលគឺនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ប៉ុន្ដែអ្វីដែលពិសេស ដើម្បីអបអរសាទរជំនួបមិត្តភាពអន្ដរជាតិខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសហការជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីរៀបចំការសម្ដែង «ល្ខោនខោល» បង្កើនទស្សនីយភាពកាន់តែប្លែកជូនអ្នកគាំទ្រទស្សនាកម្សាន្ដ អំឡុងពេលសម្រាក ក្រោយចប់ការប្រកួតតង់ទី១ មុនបន្ដការប្រកួតតង់ទី២។

គួរបញ្ជាក់ថា ការជួបប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នាល្ងាចថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ គឺជាការប្រកួតលើកដំបូងរបស់ក្រុមរហស្សនាម គោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Keisuke Honda ក្រោយសហព័ន្ធប្រកាសតែងតាំងលោក ជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ ចំពោះសំបុត្រចូលទស្សនាបច្ចុប្បន្នសំបុត្រប្រភេទទី១ បានលក់អស់ហើយ នៅឡើយតែសំបុត្រប្រភេទទី២ តម្លៃ ៥,០០០រៀលប៉ុណ្ណោះ៕