នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ទោះបីជាមានតារាម៉ូដែលច្រើនរូប បានទៅបង្អួតសម្រស់ក្នុងព្រឹត្កិការណ៍នេះក្តី តែពេលនេះយើងសូមបង្ហាញឈុតសម្លៀកបំពាក់ របស់បវរកញ្ញកម្ពុជាបីដួង ដែលសុទ្ធសឹងតែបង្កប់ដោយអត្ថន័យ និងជាការច្នៃប្រឌិតរបស់កូនខ្មែរ។

១, ឈុត តំណាងជាតិ គ្រងដោយ កញ្ញា សូ អែនណា៖ ឈុតនេះ មានឈ្មោះថា «ឈុតក្សត្រីនាគ» ដែលជាស្នាដៃគូ និងរចនាដោយលោក Bona Rosa។ ឈុតនេះ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះមានប្រើក្រណាត់ហ៊ូល រំលេចដោយគោមក្បាច់រចនាយ៉ាងល្អវិចិត្រ និងភាពស្រស់ស្អាត បូករួមច្នៃជាមួយជាមួយក្រម៉ាខ្មែរថែមជាស្បៃ ដែលតំណាងឲ្យភាពអំណត់អត់ធន់របស់ប្រជាជនខ្មែរ។ ដោយឡែកគ្រឿងតុបតែងកាយ ក៏តំឡើងតាមរចនាបទបែបខ្មែរផងដែរនោះ ក៏កាន់តែធ្វើឲ្យឈុតមួយនេះកាន់តែមានភាពអស្ចារ្យ។ ម្កុដនាគ រចនាដោយលោក សិទ្ធា គឺតំណាងឲ្យភាពត្រជាក់ត្រជុំ ការការពារ និងភាពសំបូរសប្បាយ ដោយសត្វនាគក្នុងសង្គមខ្មែរបានចាត់ទុកជាសត្វទេព ជាទីសក្ការៈ របស់ប្រជាជនកម្ពុជា តាំងពីបុរាណមកម៉្លេះ។ ឈុតទាំងមូលត្រូវបានប្រើប្រាស់ដោយពណ៌មាស ត្នោត និងក្រហម ដែលតំណាងឲ្យផែនដីផ្សាភ្ចាប់ និងជីវិត តំណាងឲ្យមិត្តភាព អំណាច ភាពក្លៀវក្លានិងរុងរឿង។

២, ឈុតតំណាងជាតិ គ្រងដោយ កញ្ញា ប៊ី សុធារី៖ ឈុតនេះមានឈ្មោះថា «អប្សរារត្នមណី» បានបង្កើតគ្រឿងតែងកាយឡើង​អំពីសំបកឡាំង៧០% ខ្សែភ្លើង នឹងសម្ភារៈផ្សេងៗលាបទឹកមាស និងបិតបារ៉ត៣០%។

*គោលបំណងនៃការបង្កើតឈុត

-ដើម្បីជាចំណែកតូចមួយក្នុងការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដូនតាខ្មែរទៅកាន់ប្រជាជនខ្មែរ និងពិភពលោក

-ដើម្បីជាបទពិសោធន៍ផ្ទាល់ខ្លួនទៅលើការច្នៃម៉ូតបែបសហសម័យ

-ចូលរួមចំណែកក្នុងការកាត់បន្តយការបោះចោលសំរាម ដោយគ្មានការគ្រប់គ្រងបានត្រឹមត្រូវ ដែលនាំឲ្យមានការប៉ះពាល់ដល់ជីវិត នៅលើផែនដី

-បង្ហាញអំពីការកែច្នៃឡើងវិញ នូវរបស់សំរាមដែលយើងយល់ថាពុំមានប្រយោជន៍។

*អត្តន័យឈុតអប្សរារត្នមណី

+អត្តន័យឈ្នោះ

-អប្សរ ឬ អប្សរា៖ ជាពពួកស្រីទាំងឡាយដែលកើតចេញពីការកូរសមុទ្រទឹកដោះ

-រត្ន ឬ រតនៈ : វត្ថុ ឬ របស់ដែលញ៉ាំងចិត្តឲ្យរីករាយ,មុស្សវិសេស ,សត្វវិសេស

-មណី :កែវ ឬ ត្បូងវិសេសមួយប្រភេទ

-សរុបឈ្មោះនេះជា ឈ្មោះថ្មីមួយ សម្រាប់តួអង្គថ្មីមួយដែលដំណាងឲ្យពពួកអប្សរ ឬ អប្សរាទាំងឡាយដែលផុសចេញ​ពីការកូរសមុទ្រទឹកដោះជាមួយនូវគ្រឿងរតនៈ គ្រឿងតែងកាយមកជាមួយ ដែលមានពន្លឺដូចជាត្បូងពេជ្រ ជាមនុស្សឬពពួកស្រីវិសេសមួយ ជាអ្នករបាំនៃឋានសួរគ៌ដ៏វេសមួយ ដែលមានតួនាទីសំខាន់ក្នុងការថែរក្សាលោកនេះ ឲ្យមានបរិយាកាសរីករាយ សុខមនោរម្យ សុភមង្គល។

-ផ្កាដែលកាន់នៅលើដៃ ជាប្រភេទផ្កាបណ្ណាជាតិ និងជានិមិត្តរូបនៃភាពស្រស់ស្អាត និងសម្បូរសប្បាយរុងរឿងក្នុងសម័យមហានគរ។

៣៖ ឈុតតំណាងជាតិ គ្រងដោយ កញ្ញារឿន ស៊ីណាត៖ ឈុតនេះមានឈ្មោះថា «រាជនីក្រម៉ា» គឺច្នៃឡើង ពីការប្រើប្រាស់ក្រម៉ារបស់ខ្មែរយើង តាំងពីបុរាណកាលមក។ ក្រម៉ាខ្មែរ ត្រូវបានប្រើប្រាស់ក្នុងទម្រង់ជាច្រើនបែប ដែលមានតាំងពី ការបំពាក់នៅលើក្បាលដើម្បីទូល រហូតដល់ការចងអង្រឹងឲ្យកូនគេងជាដើម។ វាត្រូវបានចាត់ទុកថា ជាផលិតផលខ្មែរមួយប្រភេទ ដែលអាចប្រើប្រាស់បានយ៉ាងសម្បូរបែប។ ឈុតនេះបានរចនាដោយ Arisa Phoenix៕