(ភ្នំពេញ)៖ ទោះបីកីឡាជឺជិតស៊ូ បានរួមចំណែកឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្ដិសាស្ដ្រ ៦៤ឆ្នាំ ឈ្នះមេដាយមាស២ ពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2018 ប៉ុន្ដែកីឡាមានដើមកំណើតពីជប៉ុននេះ មិនទាន់ទទួលបានការគាំទ្រ ឬស្គាល់ទូលំទូលាយពីមហាជនទេ ដែលជំរុញឲ្យសហព័ន្ធអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេង និងគាំទ្រឲ្យបានច្រើន ដើម្បីលើកស្ទួយកីឡានេះ ឆ្ពោះទៅដណ្ដើមមេដាយមាសលើឆាកអន្ដរជាតិបន្ដទៀត។

លោក ថោង បញ្ញាធន់ អគ្គលេខាធិការសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា បានថ្លែងក្នុងកម្មវិធីសម្ដែងបច្ចេកទេស នៅសហព័ន្ធនាថ្ងៃទី០៧ ខែកញ្ញានេះថា ទោះបីកីឡាការិនីជឺជិតស៊ូកម្ពុជា បានបង្កើតភាពអស្ចារ្យ ដោយដណ្ដើមបានមេដាយមាសកីឡាអាស៊ីក៏ពិតមែន ប៉ុន្ដែប្រជាពលរដ្ឋ និងអ្នកគាំទ្រខ្លះ មិនទាន់ស្គាល់នោះទេ ដូច្នេះហើយទើបសហព័ន្ធរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយពីកីឡាជឺជិតស៊ូ និងជំរុញកីឡាថ្មីនេះឲ្យកាន់តែរីកចម្រើន។

លោកថា «មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺបណ្ដាប្រទេសជាច្រើនលើពិភពលោក ក៏មិនសូវស្គាល់កីឡាជឺជិតស៊ូនេះដែរ ដោយសារជាប្រភេទកីឡាថ្មី។ ជឺជិតស៊ូ បើធៀបនឹងកីឡាប្រយុទ្ធដូចគ្នា គឺស្រដៀងនឹងយូដូ ប៉ុន្ដែជឺជិតស៊ូប្រើបច្ចេកទេសច្រើន ពិសេសពាក់ព័ន្ធនឹងការដោះឃ្លេ ឬជាប់ឃ្លេ ទាំងឃ្លេដៃ ឃ្លេជើង និងឃ្លេករ។ ជឺជិតស៊ូ ស្រដៀងយូដូត្រង់ជំហរឈរ តែប្រយុទ្ធពេលណាធ្លាក់ដល់ដី ហើយក្បាច់របៀបបោកអីដូចយូដូចឹង គ្រាន់តែជឺជិតស៊ូ អាចឃ្លេដៃ ឃ្លេជើង និងឃ្លេករបាន»

អគ្គលេខាធិការដដែលបន្ដថា បន្ទាប់ពីរៀបចំកម្មវិធីនេះ សហព័ន្ធមានគោលដៅរៀបចំកម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីអូសទាញយុវជនឲ្យចូលរួមលេងកីឡាជឺជិតស៊ូ និងចម្រាញ់រកអ្នកមានសមត្ថភាពត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ប៉ុន្ដែដើម្បីសម្រេចគោលដៅមួយនេះ ចាំបាច់គឺត្រូវការការចូលរួមពីប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាឆ្នាំ២០១៩ ខាងមុខផងដែរ៕