(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជនប្រាកដជានៅចាំច្បាស់ហើយថា កាលពីមួយរយៈកន្លងទៅ តារាសម្ដែងស្រី ណាក់ ស្រីណា បានដាច់ចិត្តទម្លាយរឿងដ៏តឹងទ្រូងមួយ ទាក់ទងនឹងខាងផលិតកម្មមហាហង្ស ជំពាក់លុយថ្លៃសំដែងរឿងមិនព្រមសង ខណៈដែលនាងបានថតបញ្ចប់រឿង ឲ្យផលិតកម្ម រួចរាល់តាមកិច្ចសន្យាជិត ១ឆ្នាំមកហើយ ពោលគឺខាងផលិតកម្ម មិនទាន់ទូរទាត់លុយកាក់ ឲ្យនាងទើបធ្វើឲ្យស្រីស្រស់រូបនេះ ដាច់ចិត្តទម្លាយរឿងនេះចេញ ជាសាធារណៈតែម្ដង។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាសម្ដែងស្រីនេះ បានចេញនូវសារសុំទោស ទៅកាន់ផលិតកម្មមហាហង្ស ទៅវិញ ដោយនាងបញ្ជាក់ថា ដោយសារតែនាង និងខាងផលិតកម្ម មានការយល់ច្រឡំទាំងសងខាងកន្លងមក ដែលបណ្តាលឲ្យមានការប្រើប្រាស់ ពាក្យពេចន៍មិនសមរម្យ និងប៉ះពាល់ដល់ក្រុមហ៊ុន ទៀតផង។

ជាក់ស្ដែងតាមគណនីហ្វេសប៊ុក តារាសម្ដែងរូបនេះបានសរសេររៀបរាប់យ៉ាងដូច្នេះថា «ដោយសារ​តែមានការយល់ច្រឡំទាំងសងខាង រវាងនាងខ្ញុំ និងក្រុមហ៊ុនមហាហង្សកន្លងមក ដែលបណ្តាលឲ្យមានការប្រើប្រាស់ ពាក្យពេចន៍មិនសមរម្យ និងប៉ះពាល់ដល់ក្រុមហ៊ុនមហាហង្ស ដូច្នេះក្នុងពេលនេះនាងខ្ញុំសូមទោសលោកអគ្គនាយក និង ផលិតកម្មមហាហង្សផងដែរ ចំពោះការប្រើពាក្យពេចន៍ មិនសមរម្យដោយប្រការណាមួយ ដែលធ្វើឲ្យមាន​ការប៉ះពាល់ដល់លោក និងផលិតកម្មរបស់លោក។ នាងខ្ញុំក៏សូមគោរពអរគុណលោកអគ្គនាយកផងដែរ ដែលលោកព្រមផ្តល់ដំណោះស្រាយយ៉ាងប្រសើរជូនខ្ញុំ។ ដោយការគោរពរាប់អានពីនាងខ្ញុំ»

គួររំឭកផងដែរថា ការទម្លាយសារ ពាក់ព័ន្ធនឹងរឿងរ៉ាវ ជំពាក់លុយកាក់នេះផងដែរ ត្រូវបានគេដឹងថា វាមិនមែនជាលើកទី១ទេ ដែលសិល្បករ-សិល្បការិនី ជួបរឿងបែបនេះ ខណៈកន្លងទៅគេឃើញមាន កញ្ញា ណាក់ ស្រីណា និងតារាមួយចំនួនទៀត​ជាដើម ដែលនាំគ្នាទទូចឲ្យផលិតករជំពាក់បំណុលគេជុំទិសនោះ មានដំណោះស្រាយមកខ្លួនឲ្យបានឆាប់។ តែយ៉ាងណាក្តី ពេលនេះ កញ្ញា ណាក់ ស្រីណា ក៏បានបញ្ជាក់ ក៏ដូចជាបានធ្វើការសុំទោស ផលិតកម្មមហាហង្ស ដោយស្រីស្រស់រូបនេះ អះអាងថា ជាការយល់ ច្រឡំរវាងគ្នានិងគ្នា តែប៉ុណ្ណោះ។