(ខាឌីស)៖ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ryan Giggs បានជួយឲ្យក្រុមជម្រើសជាតិវ៉េល យកឈ្នះក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ៤-១ នៅថ្ងៃបើកឆាកពានលីគអឺរ៉ុប UEFA National League 2018 នាយប់មិញនេះ នៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Cardiff ទេសវ៉េល។

វ៉េលបានបើកការនាំមុខតាំងតែនាទីទី៦ ក្នុងតង់ទី១ រកបានដោយកីឡាករខ្សែបម្រើ Lawrence ខណៈខ្សែប្រយុទ្ធ​ជួរមុខរបស់ក្លឹប Real Madrid កីឡាករ Gareth Bale រកបានគ្រាប់ទី២ នៅនាទីទី១៨ ដោយការទាត់បាល់ពីចំងាយយ៉ាងអស្ចារ្យ មុនពេល Aaron Ramsey រកបាន១គ្រាប់ដែរ នៅនាទីទី៣៧។

វ៉េលបានបើកការសម្រុកឥតឈប់ឈរ ក្នុងខណៈនាំមុខ ៣-០ ទៅហើយនោះ រហូតដល់កីឡាករខ្សែការពារ Connor Roberts រកបានគ្រាប់ទី៤ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន១០នាទី ខណៈក្រុមភ្ញៀវសាធារណរដ្ឋអៀរឡង់រកបានតែ ១គ្រាប់ប៉ុណ្ណោះ​ នៅនាទីទី៦៦ ដោយកីឡាករ Shuan Williams។

សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតក្នុងក្របខណ្ឌ UEFA Nations League ដែលវ៉េលកំពុងមាន ៣ពិន្ទុក្នុង គ្រាដែលការប្រកួតបន្ទាប់ ត្រូវជួបក្រុមជម្រើសជាតិដាណឺម៉ាក នៅថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ៕