(ភ្នំពេញ)៖ តារាចម្រៀងស្រីរបស់ផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ នីសា តាមការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះ ទោះបីជាមានបានភ្ជាប់ ស្នេហារហូតឈានដល់ការ រៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ជាមួយស្វាមីរួចហើយក៏ពិតមែន ប៉ុន្តែនាងហាក់នៅតែបង្ហាញ ពីអារម្មណ៍មិនសប្បាយចិត្ត ដូចកំពុងមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ មិនអាចរកវិធីដោះស្រាយបាន។

ខណៈដែលរឿងរ៉ាវនេះ កំពុងក្លាយជាមន្ទិលសង្ស័យ របស់មហាជនពាក់ព័ន្ធជីវិតឯកជន នៃការសាងសុភ័មង្គលស្នេហា របស់នាងដែរ ថ្មីៗនេះអ្នកនាង សុគន្ធ នីសា ក៏បានបញ្ចេញសាររៀបរាប់ជាថ្មី ដែលមានន័យបែបនេះថា «មេឃស្អាតណាស់ សំឡេងទឹកសមុទ្រ និងខ្យល់ធម្មជាតិ មិនមែនជាដំណោះស្រាយណាមួយ ក្នុងជីវិតយើងឡើយ តែវាគឺជាខ្សែចងចិត្ត ដ៏រសាប់ឲ្យនៅស្ងប់នឹង»

តារាចម្រៀងអ្នកនាង សុគន្ធ នីសា បាននិយាយទៀតថា «ពេលដែលចិត្តនៅស្ងប់ ភ្នែកលែងជាចក្ខុ សម្រាប់មើលទៅលើរឿងរ៉ាវ ក្បែរខ្លួនយើងទៀតហើយ។ បើពេលនេះ ខ្ញុំបើកភ្នែកដែលមិនស្ងប់ ខ្ញុំនឹងមើលឃើញតែពពកខ្មៅ ជុំជិតនៅគ្រប់ដណ្តប់ខ្លួនខ្ញុំ តែបើខ្ញុំបិទភ្នែកហើយស្រមៃ តាមសំឡេងស្រាលៗ នៃទឹកសមុទ្រ ព្រមទាំងធាតុដ៏ត្រជាក់នៃខ្យល់អាកាស ខ្ញុំនឹងស្រមៃដល់ពន្លឺព្រិចៗ នៃព្រះអាទិត្យ ដែលចាំងពីក្រោយដុំពពកដ៏ខ្មៅនេះ»

បន្ថែមពីលើនេះតារាចម្រៀង អ្នកនាង សុគន្ធ នីសា បានលើកឡើងថា «នៅពីក្រោយដុំពពកខ្មៅ តែងតែបង្កប់នូវពន្លឺដ៏ចែងចាំង នៅពីក្រោយបញ្ហា សុទ្ធតែមានដំណោះស្រាយ ទាល់តែធ្វើចិត្តឲ្យស្ងប់ ផ្តោតលើពន្លឺព្រះអាទិត្យ ទើបយើងដឹងថា ពន្លឺព្រះអាទិត្យនៅតាមយើងជានិច្ច ទោះបីជាពេលដែលមានពពកខ្មៅក្រាស់ យ៉ាងណាក៏ដោយ។ មេឃដែលខ្ញុំមើលឃើញនៅពេលនេះ គឺស្រស់ស្អាតខ្លាំងណាស់»

គិតមកទល់ពេលនេះ គេពុំទាន់ដឹងទេថា អ្នកនាង សុគន្ធ នីសា បច្ចុប្បន្ននៅក្នុងចិត្តរបស់នាង បាននឹងកំពុងឱបលាក់ទុកនូវវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ឬបញ្ហាចាក់ស្រែះអ្វីខ្លះនៅឡើយទេ ខណៈមានមហាជនជាច្រើន កំពុងតែមានមន្ទិលជាបន្តបន្ទាប់ លើករណីរបស់ អ្នកនាង សុគន្ធ នីសា៕