(ភ្នំពេញ)៖​ ប្រជាពលរដ្ឋ និងអ្នកគាំទ្រកម្ពុជា ប្រហែលជាបានស្គាល់ច្បាស់ ក្រោយកីឡាករម៉ូតូទឹកដ៏ឆ្នើម សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១​ ពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី។ ប៉ុន្ដែមុនទទួលបានភាពជោគជ័យ និងជួយកម្ពុជា បំបែកឯតទគ្គកម្ម ៦៤ឆ្នាំក្នុងព្រឹត្តិការណ៍នេះ អ៊ូមើត ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិមិនស្ទើរនោះទេ តែក្នុងនោះមានរឿងមួយ ដែលកីឡាករវ័យ ២៦ឆ្នាំរូបនេះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងទទួលស្គាល់រូបគេ គឺជាជើងខ្លាំង។

សាលី អ៊ូមើត បានរំលឹកថា «ក្រោយវិវត្តន៍ខ្លួនក្លាយជាកីឡាករម៉ូតូទឹក គេបានឆ្លងកាត់ឧបសគ្គជាច្រើន ហើយរឿងមួយ ដែលខ្លួនចាំមិនភ្លេច គឺកាលពីឆ្នាំ២០១៣ ក្នុងការប្រកួតជើងឯកពិភពលោកនៅអាមេរិក រូបគេត្រូវបាន​គណៈកម្មការពិន័យដាក់សោរលើក្បាល ហើយអនុញ្ញាតឲ្យចេញដំណើរក្រោយគេ ក្នុងម៉ូតូគូប្រជែង ៣៥គ្រឿងទៀត ចេញដំណើរទៅមុន បន្ទាប់មកទើបឲ្យខ្ញុំយកសោរចាក់ម៉ូតូជិះតាមក្រោយ»

អ៊ូមើត បានបន្ដថា «ពេលនោះ ខ្ញុំក៏ប្រកួតវិញ្ញាសាស្គីឈរ (Ski Modified) ដូចប្រកួតកីឡាអាស៊ីដែរ តែពេលគេពិន័យខ្ញុំ បានធ្វើឲ្យខ្ញុំ​កាន់តែមានឆន្ទៈប្រកួត ទោះបីខ្ញុំចេញដំណើរក្រោយគេ តែខ្ញុំបានវ៉ាកីឡាករម្នាក់ម្ដងៗ រហូតវ៉ាកីឡាករនាំមុខគេ​នៅជុំចុងក្រោយ ដើម្បីគ្រងជើងឯក។ ខ្ញុំមានមោទនភាពណាស់ពេលនោះ ហើយកីឡាករខ្លាំងៗ រួមទាំងអ្នកគាំទ្រ​កីឡាម៉ូតូទឹកលើពិភពលោក ក៏បានសម្ដែងនូវការភ្ញាក់ផ្អើលចំពោះរូបខ្ញុំ និងបានកោតសរសើរខ្ញុំ ក៏ដូចជា​ទទួលស្គាល់ខ្ញុំគឺជាកីឡាករមានសមត្ថភាព ចាប់ពីពេលនោះមក»។ ជុំវិញរឿងនេះ លោក ណុះ ស្លេះ ប្រធាននសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក៏បានថ្លែងយ៉ាងដូច្នេះផងដែរ។

មកដល់ពេលនេះកេរ្តិ៍ឈ្មោះរបស់ អ៊ូមើត បច្ចុប្បន្ន គឺកាន់តែល្បីល្បាញបន្ថែមទៀត បន្ទាប់ពីគេដណ្តើមបាននូវមេដាយមាស និងសំរឹទ្ធ ជាប្រវត្តិសាស្ត្រជូនជាតិ រហូតទទួលបានការកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចគ្នានិងកីឡាការិនី ខាន់ ចេសា ដែលដណ្តើមបានមេដាយមាស ១គ្រឿងផងដែរ៕