(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឹម៉ង់ នឹងជួបប្រកួតទល់នឹងម្ចាស់ជើងឯក World Cup 2018 មាន់គកបារាំង នារាត្រីនេះក្នុងថ្ងៃបើកឆាកនៃពានរង្វាន់លីគអឺរ៉ុប UEFA Nationals League 2018 នៃវគ្គសន្សំពិន្ទុ សម្រាប់ក្រុមទី១ នៅកីឡដ្ឋាន Allianz Arena ដែលជាទឹកដីរបស់ក្លឹប Bayern Munich។

នេះជា១ប្រកួតដំបូងរបស់អាល្លឺម៉ង់ គិតចាប់តាំងពីបានចាញ់កូរ៉េខាងត្បូង ២-០ នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុពូលនៃ World Cup 2018 នៅរុស្ស៊ី ដែលធ្វើឲ្យកៅអីគ្រូបង្វឹកជម្រើសជាតិលោក Joachim Low កំពុងរងសម្ពាធយ៉ាងខ្លាំង ដោយសារ​ដឹកនាំក្រុមធ្លាប់ក្នុងវគ្គចែកពូលពី World Cup ដែលមិនធ្លាប់មានសម្រាប់ក្រុមមានរហស្សនាម «ឥន្រ្ទីដែក» ក្នុងរយៈពេល ៨០ឆ្នាំមកនេះ។

សម្រាប់ឯក្រុមមាន់គកបារាំង ដែលជាម្ចាស់ជើងឯក World Cup 2018 បានកោះហៅសុទ្ធតែកីឡាករសំខាន់ៗ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្តងខាងលើ មានដូចជា Olivier Giroud, Antoine Griezmann, Samuel Umtiti និងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ជាដើម ដោយមានប្រធានក្រុមមកពីក្លឹប Spurs, Hugo Lolris ដដែល។

លោក Didier Deschamps ដែលបានដឹកនាំបារាំងឈ្នះ World Cup 2018 ផងនោះ បានធ្វើការព្រមានកូនក្រុមថា អាល្លឺម៉ង់នៅតែជាក្រុមខ្លាំង ដែលមិនអាចមើលរំលងបានឡើយ បើទោះបីជាពួកគេធ្វើមិនបានល្អកាលពី World Cup ក្តី ហើយការជួបគ្នារាត្រីនេះ វានឹងរឹតតែស្វិតស្វាញខ្លាំងឡើង ក្នុងស្ថានភាពដែលពួកគេត្រូវការស្តារមុខមាត់ឡើងវិញ៕