(ភ្នំពេញ)៖ ​និយាយពីឈ្មោះតារាចម្រៀង និងជាតារាសម្តែង អ្នកស្រី ស៊ិន ឧត្តមផល្លា គឺហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាព មកទល់នឹងសព្វថ្ងៃ មិនខុសប្លែកពីតារាជើងចាស់ម្នាក់ទៀតគឹ អ្នកនាង ឌៀប ស្រីរ័ត្ន ជាដើម។ បច្ចប្បន្នតារាចម្រៀងរូបនេះ ហាក់ស្ងប់ស្ងាត់ មិនមានអ្នកនឹករឭកនោះទេ ពោលគឺនៅតែអាចច្រៀងបានពីរោះ និងអាចច្រៀងជាភាសាបរទេសទៀតផង។ ទាំងនេះ ជាមូលហេតុធ្វើឲ្យអ្នកស្រី ស៊ិន ឧត្តមផល្លា នៅមិនស្ងៀម ក៏បង្ហោះសារបង្កប់នូវខ្លឹមសារ ស្តាយពីសមត្ថភាព របស់​តារាមច្រៀង ឌៀប ស្រីរ័ត្ន។

ក្នុងនោះ អ្នកស្រី ស៊ិន ឧត្តមផល្លា​ បានសរសេរសារយ៉ាងដូច្នេះថា «អ្នកបង ឌៀប ស្រីរ័ត្ន គឺជាតារាចម្រៀងយេៗ ដ៏ល្បីឈ្មោះតាំងពីទសវត្ស ៩០-២០០០ ខាងចម្រៀងភាសាបរទេស កាលណោះ មិនសូវមានតារាចម្រៀងភាសាបរទេសច្រើន ដូចជំនាន់នេះទេ ទាំងអស់នេះ ជារូបបច្ចុប្បន្នរបស់គាត់ ខ្ញុំយល់ថា គាត់នៅមានសមត្ថភាពរួមទាំងរូបសម្រស់ ប៉ុន្តែហេតុអីបានជាពួកយើង ត្រូវបំភ្លេចរូបគាត់​? គាត់អាចច្រៀងបានយ៉ាងពីរោះ ទាំងភាសាខ្មែរនឹងភាសាបរទេស ហើយរូបសម្រស់គាត់ក៏អាចសម្តែងភាពយន្ត បែបស្លូត ឬកាចបានគ្រប់ទម្រង់​។ នេះគឺជាអារម្មណ៍ខ្ញុំដែលមានចំពោះគាត់។ បញ្ជាក់​៖ គាត់មិនបានបង្គាប់ឲ្យខ្ញុំផុសនិយាយបែបនេះទេ ប៉ុន្តែខ្ញុំយល់ថា មនុស្សដែលមានសមត្ថភាព មិនគួរទុកចោលដូច្នេះទេ»

យ៉ាងណាមិញ ជាមួយនឹងការបង្ហោះសារទាំងនេះ អ្នកស្រី ស៊ិន ឧត្តមផល្លា មិនបានបង្ហាញប្រាប់មហាជននោះទេ ថាបច្ចុប្បន្នតារាចម្រៀង ឌៀប ស្រីរ័ត្ន កំពុងរស់នៅក្នុងប្រទេសកម្ពុជា ឬនៅទីណានោះទេ។ តែយ៉ាងណា សម្រាប់អ្នកគាំទ្រតារាចម្រៀងរូបនេះ នៅតែចង់ឲ្យអ្នកនាងមានវត្តមានក្នុងវិស័យសិល្បៈជាថ្មី ខណៈ​បានបាត់វត្តមានសូន្រឈឹងតែម្តង ពីពិភពសិល្បៈ៕