(ភ្នំពេញ)៖ បើនិយាយពីបទចម្រៀង​ មានចំណងជើងថា «កុំហៅខ្ញុំថាស្រីចាស់» ហាក់ទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ​ទោះបីជាបទនេះចំឡងបទភ្លេងពីបរទេសក្តី ប៉ុន្តែស្នាដៃនៃការនិពន្ធសាច់រឿង និងទំនុកច្រៀងវិញ ហាក់ទាក់ទាញបេះដូងមិត្តយុវវ័យខ្លាំង ស្តាប់ហើយចង់ស្តាប់ទៀត មិនចេះធុញទ្រាន់។ បទចម្រៀង​ច្រៀងដោយ កញ្ញា គង់ ចាន់រដ្ឋា នេះផងដែរ គឺមានអ្នកចូលទស្សនាក្នុង YouTube ដល់ទៅ ជាង៥លានដងឯណោះ បើនិយាយទៅ គឺច្រើនលើស​ការរំពឹងទុកទៅទៀត។ នេះគឺជា​ស្នាដៃ និងគំនិតច្នៃប្រឌិតថ្មីមួយ របស់អ្នកនិពន្ធទំនុកច្រៀង កញ្ញា លឹម ផាន់ណា ក្នុងការទាក់ទាញអ្នកស្តាប់ ជាមួយនឹងការរកនឹកសាច់រឿង ដែលត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន ខណៈបច្ចុប្បន្ន​មាននារីៗជាច្រើន ចូលចិត្តលេងសើច រឿងអាយុច្រើន ជាពិសេសត្រូវមិត្តភក្តិបង្អាប់ថា ក្រមុំចាស់តែម្តង។

​តាមការកត់សម្គាល់ បើគិតមកទល់នឹងថ្ងៃនេះ បទចម្រៀង​មានចំណងជើងថា «កុំហៅខ្ញុំថាស្រីចាស់» បានបង្ហោះឡើង​ក្នុងបណ្តាញសង្គម YouTube ជិតពីរខែមកហើយ តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺ​ចំនួននៃអ្នកចូលទស្សនា គឺចេះតែ​កើនឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ។  ថែមទាំងមានមហាជនជាច្រើន សរសើរមិនដាច់ពីមាត់ទៀតផង ពីស្នាដៃនិពន្ធ​របស់ កញ្ញា លឹម ផាន់ណា  មានការប៉ិនប្រសព្វ ក្នុងការរិះរកនូវអ្វី ដែលទស្សនិកជនចង់បាន ស្តាប់មិនចេះជិនណាយ ខណៈបទនេះ​បែបកំប្លែងៗ លាយឡំជាមួយនឹងសំឡេងត្រូវនឹងប្រភេទចម្រៀង របស់​កញ្ញា គង់ ចាន់រដ្ឋា។

ជាក់ស្តែង បើតាមមតិពីមហាជន ក្រោយពីស្តាប់បទនេះហើយ ក៏បានលើកឡើងយ៉ាងដូច្នេះថា «គាត់ចេះយកមកច្នៃ គំនិតគាត់មិនអន់ទេ ចម្រៀងរបស់គេក៏ដោយ ឲ្យតែយើងច្នៃប្រឌិតទៅល្អហើយ មិនមែនថាមិនឲ្យយកពីគេឯណា អ្វីដែលល្អយកមកច្នៃទៅ​...(មិនមែនយកទាំងស្រុងទេ) Love song»​ ខណៈអ្នកខ្លះក៏និយាយថា «បទកាឡៃមែន តែសំខាន់គាត់ច្រៀងពីរោះ ក្នុងបទហ្នឹងក៏គាត់មានស្ទីលសាច់ភ្លេងខ្លួនឯងដែរ ស្តាប់ទៅកំប្លែងគួរឲ្យចូលចិត្ត ពិសេសនារីៗដែលត្រូវមិត្តភក្តិបង្អាប់ថា ក្រមុំចាស់ Original song ក៏យើងប្រឹងប្រែងដែរកុំភ្លេចជួយគាំទ្រ ពួកគាត់ដែលខំធ្វើបទចម្រៀងផងណា ភាពបន្ទោសបង្អាប់ជេរប្រមាថ គ្មានផលអីមកវិញទេ អ្នកខ្លះខំទៅវត្តរក្សារសីល តែជេរគេកប់ៗមាត់ ហើយចង់បានផលល្អ ក្នុងជីវិតខ្លួនឯង កុំឆ្ងល់ថា មនុស្សឥលូវឆាប់ស្លាប់ម្ល៉េះ គឺដោយសារការប្រមាថខ្លួនឯង និងអ្នកដទៃនេះឯង»

គួរបញ្ជាក់​ថា បទចម្រៀង​មានចំណងជើងថា «កុំហៅខ្ញុំថាស្រីចាស់» គឺជាការបកស្រាយដោយ កញ្ញា គង់ ចាន់រដ្ឋា និងនិពន្ធទំនុកច្រៀងដោយ កញ្ញា លឹម ផាន់ណា។