(ភ្នំពេញ)៖ កីឡាករដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លឹបភ្នំពេញក្រោន ចំនួន ៤នាក់ ត្រូវបានគ្រូបង្វឹក Keisuke HONDA កោះហៅចូលក្រុមជម្រើសជាតិគោព្រៃកម្ពុជា ដើម្បីប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមភ្ញៀវម៉ាឡេស៊ី នាសប្តាហ៍ក្រោយនេះនៅពហុកីឡដ្ឋានជាតិ។

កីឡាករទាំង ៤រូបខាងនោះរួមមាន អ៊ុក សុវណ្ណ, អ៊ិន សុដាវិត, ស៊ិន កក្កដា និង ប្រាក់ ធីវ៉ា ខណៈកីឡាករលេង​ក្នុងតំណែងការពារ អ៊ុក សុវណ្ណ បាននិយាយថា «នេះជាលើកទី២ហើយសម្រាប់ខ្ញុំ ដែលជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិ។ ចំពោះការដឹកនាំរបស់គ្រូថ្មីគឺល្អទាំងការរៀបចំ និងការជ្រើសរើសកីឡាករ ដោយពួកគាត់សុទ្ធតែ​ជាកីឡាករដែលមានគុណភាព និងជាកីឡាករល្អៗប្រចាំក្លឹប»

កីឡាករវ័យក្មេងជាងគេក្នុងក្រុមជម្រើសជាតិ គឺកីឡាករ ស៊ិន កក្កដា បានឲ្យដឹងដែរថា «នេះជាលើកទី៥ ហើយសម្រាប់ការជាប់ជម្រើសជាតិរបស់ខ្ញុំ ហើយខ្ញុំពិតជារៀនសូត្របានច្រើនណាស់ពីក្រុមជម្រើសជាតិ»

អ្វីដែលសំខាន់ផងនោះ ក្រោយពីបានជាប់ក្នុងក្រុមជម្រើសជាតិ កីឡាករ២រូបរបស់ក្រោន ស៊ិន កក្កដា និង អ៊ុក សុវណ្ណ បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង ដោយបានចូលរួមជួយជាមួយក្រុមគោព្រៃកម្ពុជា៕