(ម៉ាឌ្រីដ)៖ គ្រូបង្វឹកដែលកំពុងដឹកនាំក្លឹបបិសាចក្រហម Manchester United, Jose Mourinho ត្រូវបានគេរាយការណ៍មកថា បានព្រមព្រៀងទទួលការពិន័យចំពោះកំហុសមិនបានបង់ពន្ធជូនរដ្ឋនៃប្រទេសនាពេល កន្លងមកហើយ។

យោងតាមកាសែតអេស្ប៉ាញ El Mundo បានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានទទួលយកការផាកពិន័យ ជាទឹកប្រាក់ប្រមាណ ២.៣លានដុល្លារ ដែលបុរសវ័យ ៥៥ឆ្នាំខាងលើនេះ បានគេចវេសមិនបង់ពន្ធ​កាលពីអំឡុងឆ្នាំ២០១១-២០១២ ជុំវិញសិទ្ធិលក់រូបភាព កាលពីអំឡុងលោកដឹកនាំក្លឹប Real Madrid។

ប្រភពព័ត៌មានខាងលើនេះបានបញ្ជាក់ថា Mourinho ទើបតែទទួលយកការផាកពិន័យ និងបង់ប្រាប់រួចរាល់ហើយផងដែរ​នាដើមខែកញ្ញា ឆ្នាំ២០១៨ ដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារ ១ឆ្នាំប្រសិនមិនព្រមបង់នោះ។

សូមរំលឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ អតីតកីឡាករក្លឹប Real Madrid, Cristiano Ronaldo ក៏បានយល់ព្រមបង់ប្រាក់ចំនួន ២២លានដុល្លារ ដូចករណីខាងលើដែរ ដើម្បីគេចផុតពីការជាប់ពន្ធនាគារ ក្រោយពេល Lionel Messi បានបង់ប្រាក់ ២៩០០០ដុល្លារ ក្នុងស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយៈពេល ២១ខែ កាលពីខែកក្កដា ឆ្នាំ២០១៧៕