(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាលល់ទាត់ Premier League រដូវកាលថ្មី២០១៨-១៩ នេះ មានកីឡាករប្រមាណ ៦៦សញ្ជាតិខុសគ្នាកំពុងប្រកបអាជីពក្នុងទឹកដីអង់គ្លេស ហើយក្នុងនោះក៏មានកីឡាករចាំទីក្នុងតំបន់អាស៊ានម្នាក់ផងដែរ គឺ Neil Etheridge ដែលមានសញ្ជាតិហ្វីលីពីន កំពុងលេងនៅក្លឹប Cardiff City។

Etheridge បានក្លាយជាកីឡាករហ្វីលីពីនដំបូងគេ ដែលបានលេងឲ្យក្លឹប Cardiff City នៅក្នុងលីគកំពូល Premier League ខណៈ Cardiff ត្រូវជួបជាមួយក្លឹប Chelsea នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាការប្រកួតក្នុងសប្តាហ៍ទី៥។

Etheridge បច្ចុប្បន្នមានវ័យ ២៨ឆ្នាំត្រូវបានក្លឹប Cardiff នាំយកមកពីក្លឹប Walsall ដោយគ្មានតម្លៃខ្លួន កាលពីឆ្នាំ ២០១៧ ហើយក៏ធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិហ្វីលីពីនបាន៥៩ប្រកួត។ អ្នកចាំទីខាងលើបានបញ្ចប់កិច្ចសន្យាជាមួយក្លឹប Fulham ដោយសារមិនផ្ដល់ពេលវេលាឲ្យគេបង្ហាញខ្លួនដំបូងនៅ Premier League និងបានឲ្យរូបគេទៅលេងនៅក្លឹប Walsall ដោយគ្មានតម្លៃខ្លួនផងដែរកាលពីឆ្នាំ២០១៥ គ្រាដែល Etheridge បានបង្ហាញទម្រង់លេងយ៉ាងល្អ ៤៥ប្រកួតនៅ Championship រដូវកាលមុន និងបានបិទមិនឲ្យគេទាត់ចូល ១៩ប្រកួត និងនាំក្លឹប Cardiff ឡើងមកលេងនៅ Premier League រដូវកាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា Neil Etheridge ជាកីឡាករមានដើមកំណើតកើតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្រោយឪពុក ម្តាយហ្វីលីពីនរបស់គេផ្លាស់ទីលំនៅទៅអ៊ឺរ៉ុប តែកីឡាកររូបនេះសម្រេចចិត្តលេងឲ្យជម្រើសជាតិហ្វលីពីន ព្រោះមានភាគរយជាប់ជម្រើសជាតិច្រើនជាងលេងឲ្យអង់គ្លេស៕