(ភ្នំពេញ)៖ កីឡាករជើងចាស់របស់ក្លឹបណាហ្គាវើល ឃឹម បូរី បាននិយាយពីប្រវតិ្តរបស់ខ្លួនដែលធ្លាប់លំបាកតាំងពីតូច កាលជិត២០ឆ្នាំមុន ដែលគេធ្លាប់ដើរលក់កាសែត និងពេលខ្លះក៏ឆ្លៀតប៉ះកង់ ដើម្បីរកប្រាក់ជួយសម្រាលបន្ទុកឪពុកម្ដាយផង។

កីឡាករ ឈ្មោះ ឃឹម បូរី បច្ចុប្បន្ននៅលេងអោយក្លឹបណាហ្គាវើល និងជាក្លឹបកំពូលតារាង នៃវគ្គសន្សំពិន្ទុនៃលីគកំពូលកម្ពុជា​ពានរង្វាន់ Metfone Cambodian League ប្រចាំឆ្នាំ២០១៨ ផងដែរ។ ហើយម្យ៉ាងវិញទៀត និងជាអតីតកីឡាករក្រសួងការពារជាតិ និងភ្នំពេញក្រោន ឃឹម បូរី បានលើកឡើងថា «ប្រហែលខ្ទង់២០ឆ្នាំមុន កាលនោះផ្ទះនៅជិតស្តាតចាស់ មានជាងកង់​គេមកជួល​មុខផ្ទះចែកភាគរយ ហើយខ្ញុំក៏ឆ្លៀតរៀនធ្វើដែរ រហូតទាល់តែចេះប៉ះ។ កាលជំនាន់នោះក៏ដើរលក់កាសែតទៀត គ្រាន់បានលុយចាយខ្លួនឯង មិនលំបាកឪពុកម្ដាយ»។ អ្វីដែលសំខាន់ផងនោះ បូរី នៅពេលដែលចូលហាត់បាល់ដំបូល​នៅក្លឹបក្រសួងការពារជាតិ ក្នុងអំឡុងឆ្នាំ២០០០ និងជាប់ជម្រើសជាតិពីចន្លោះឆ្នាំ២០០៧ ដល់២០១៥។

សម្រាប់កីឡាករ ឃឹម បូរី ក៏ធ្លាប់ជាម្ចាស់ស្បែកជើងមាស Metfone Cambodian League នៅក្នុងឆ្នាំ២០០៨ ដែរ ក៏ធ្លាប់​បានលេងឲ្យក្លឹប Sisaket នៅលីគកំពូលថៃ លើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោន កាលឆ្នាំ២០១១ ទៀតផង។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកីឡាករ ឃឹម បូរី លេងអោយក្លឹបណាហ្គាវើល ប្រចាំសប្តាហ៍ទី១៩នេះ នៅតែឈរលើកំពូលតារាងដដែល ណាហ្គាវើល១៩ប្រកួតកន្លងមកនេះ ឈ្នះ១៥ដង ស្មើ២ដង និងចាញ់២ដង  និងមាន៤៧ពិន្ទុ៕