(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Diego Costa បានសុំដកខ្លួនពីក្រុមជម្រើសជាតិអេស្ប៉ាញមួយរយៈ ដោយសារតែហេតុផលផ្ទាល់ខ្លួន ពេលអេស្ប៉ាញប៉ះអង់គ្លេស និងក្រូអាត នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Uefa Nationals League ដែលនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។

ទន្ទឹមគ្នានោះ កន្លែងរបស់កីឡាករវ័យ២៩ឆ្នាំ Costa ដែលកំពុងលេងឲ្យក្លឹប Atletico Madrid រូបនេះនឹងត្រូវបានជំនួស ដោយខ្សែប្រយុទ្ធ Iago Aspas វ័យ៣១ឆ្នាំមកពីក្លឹប Celta Vigo សម្រាប់១ប្រកួតរបស់អតីតគ្រូបង្វឹកក្លឹប FC Barcelona លោក Luis Enrique ក្នុងការចូលដឹកនាំជម្រើសជាតិគោជល់អេស្ប៉ាញ ជំនួសកៅអីគ្រូបង្វឹក Fernando Hierro។

អតីតក្រុមជើងឯក World Cup 2010 អេស្ប៉ាញ នឹងត្រូវប្រកួតទល់នឹងម្ចាស់ផ្ទះអង់គ្លេស នៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលប៉ះក្រូអាតនៅសប្តាហ៍បន្ទាប់ ក្នុងយុទ្ធនាការជើងឯកលីគប្រចាំទ្វីបអឺរ៉ុប Uefa National League ឆ្នាំ២០១៨។

កីឡាករខ្សែការពារឆ្វេង Jordi Alba របស់ Barcelona និងខ្សែបម្រើ Koke របស់ Atletico Madrid មិនត្រូវបានលោក Enrique កោះហៅនោះទេ ស្របពេលដែល Andres Iniesta, David Silva និង Gerard Pique សុទ្ធតែបានប្រកាសចូលនិវត្តន៍​ពីក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីជ្រុះចេញពី World Cup 2018 នៅប្រទេសរុស្ស៊ីត្រឹមវគ្គ ១៦ក្រុមចុងក្រោយនោះ៕