(កូរ៉េ)៖ តារាសម្តែង Song Joong Ki បានប្រារព្ធខួប១០ឆ្នាំនៃអាជីពសម្តែង របស់លោកក្នុងឱកាសជួបស្វាគមន៍ ជាមួយអ្នកគាំទ្រ ​កាលពីដើមខែកញ្ញានេះ នៅឯសាលសន្តិភាព នៃសាកលវិទ្យាល័យ Kyung Hee​។ អ្នកគាំទ្រមកពីទូទាំងតំបន់អាស៊ី រួមមាន ចិន តៃវ៉ាន់ ហុងកុង និងសិង្ហបុរី បានចូលរួមជាមួយគ្នា ដើម្បីរៀបចំផ្កាសម្រាប់ព្រឹត្តិការណ៍នេះ ហើយក្លឹបអ្នក​គាំទ្រផ្លូវការ របស់តារាសម្តែងរូបនេះ ក៏បានរៀបចំនំខេក ដ៏ស្រស់ស្អាតសម្រាប់ឱកាសនេះ ផងដែរ។

Song Joong Ki បានចែករំលែករឿង ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ក្នុងនាមជាតារាសម្តែងម្នាក់ និងរឿងរ៉ាវផ្ទាល់ខ្លួន​ ព្រមទាំងចំណាយពេលដ៏ស្និទ្ធស្នាល នៅជាមួយអ្នកគាំទ្រ។ តារាប្រុសរូបនេះបញ្ជាក់ថា «ខ្ញុំមានមិត្តជាច្រើន​ក្នុងអាជីពសិល្បៈ ហើយវាជា កិត្តិយសណាស់ ដែលយើងបានចំណាយពេល ១០ឆ្នាំជាមួយគ្នា។ ខ្ញុំស្រលាញ់អ្នក»។ Lee Kwang Soo ដែលជាមិត្ត ជិតស្និទ្ធរបស់ Song Joong Ki និងជាតារាសម្តែងក្នុងខ្សែភាពយន្ត «Running Man» បានបង្ហាញខ្លួននៅក្នុងឱកាសជួប ជាមួយអ្នកគាំទ្រនេះផងដែរ។

រីឯ Junho និង Kim Min Suk របស់ក្រុម 2PM ក៏បានដើរតួជាភ្ញៀវពិសេស ក្នុងព្រឹត្តិការ​ណ៍ដ៏អស្ចារ្យនេះ ជាមួយ Song Joong Ki បង្ហាញពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ប្រាប់ទៅកាន់អ្នកគាំទ្រយ៉ាងរីករាយ។ ក្នុងឱកាសនេះ តារាជាច្រើនដូចជា Park Bo Gum, So Ji Sub, Park Bo Young, Kim Jong Kook, Yoo Yeon Seok, Jin Goo និង Cha Tae Hyun ក៏បានផ្ញើសារអបអរដល់ Song Joong Ki ទៀតផង។ គួរបញ្ជាក់ថា បច្ចុប្បន្ន Song Joong Ki កំពុងត្រៀមថតរឿង «Asadal» ដែលខ្សែភាពយន្តថ្មីនេះ គ្រោងចាក់ផ្សាយនៅពាក់កណ្តាល ឆ្នាំ២០១៩៕