(ភ្នំពេញ)៖ តារាចម្រៀង និងសម្តែង នាង ឆ័យលី ដាឡែន បានណាត់គ្នា ជាមួយតារាសម្តែងចំណូលថ្មីលោក ចាន់ស៊ី ណាវ៉ាត់ត្រា និងតារាមួយចំនួនទៀត ដើម្បីបង្កើតក្រុមសប្បុរសធម៌ ក្នុងគំរោងធ្វើបុណ្យចែកជាស្បៀងអាហារ, សម្លៀកបំពាក់, ភួយ និងរបស់របរផ្សេងៗទៀត ជូនដល់ចាស់ៗ ដែលអត់ផ្ទះសម្បែងនៅ ​សម្រាកតាមផ្ទះគេ ឬតាមចិញ្ចើមថ្នល់ ដែលកន្លងមកមានអ្នកសិល្បៈ ជាច្រើនរួចមកហើយ តែងតែធ្វើសកម្មភាពបែបនេះ ជួយដល់សង្គម និងចែករំលែកធនធានដល់អ្នកក្រីក្រ។

តារាសម្ដែងសម្ដីចាក់ទឹកមិនលិច ឆ័យលី ដាឡែន បានប្រកូកប្រកាសស្វែងរកអ្នកឧបត្ថម្ភគាំទ្រ ដើម្បីឲ្យនាងមានលទ្ធភាពទិញ ជាសម្ភារៈទាំងនោះ​ដោយនាងបានកំណត់យកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្រាប់ពាំនាំយកសម្ភារៈទាំងនោះ ទៅចែកដល់ដៃចាស់ៗជរា ដែលធ្វើចំណាកស្រុក គ្មានកន្លែងស្នាក់នៅពឹងលើសំយ៉ាបផ្ទះគេ និងយកចិញ្ចើមថ្នល់ ជាកន្លែងគេងនោះ។

ដោយឡែក​លោក ចាន់ស៊ី ណាវ៉ាត់ត្រា បានអះអាងថា លោកពេញចិត្តក្នុងការធ្វើសប្បុរសធម៌ ជាមួយរៀមច្បង ឆ័យលី ដាឡែន និងតារាផ្សេងៗទៀតដែលចូលរួម ព្រោះថា​កន្លងមក លោកឃើញលោកយាយ និងលោកតា ដែលគេងតាមសំយ៉ាបផ្ទះគេនោះ គឺរន្ធត់ចិត្ត និងសែនអាណិតជាពន់ពេក ហើយពេលនេះ លោកអំពាវនាវឲ្យសប្បុរសជនទាំងឡាយ​ជួយគាំទ្រ និងផ្តល់ថវិកា ដល់កម្មវិធីសប្បុរសធម៌នេះផង។

សូមបញ្ជាក់ថា សម្រាប់ ឆ័យលី ដាឡែន និងចាន់ស៊ី ណាវ៉ាត់ត្រា មានស្រុកកំណើតនៅខេត្តបាត់ដំបង ដូចគ្នាតែអ្នកទាំង២ មិនទាន់បានសម្តែង MV និងភាពយន្តរួមគ្នាឡើយ ទើបតែពេលនេះបានចាប់ដៃគ្នាដំបូង តាមរយៈការបង្កើតកម្មវិធីសប្បុរសធម៌ ចែកអាហារ និងសម្ភារៈផ្សេងៗទៀត នៅរាជធានីភ្នំពេញ ដែលភាគច្រើនគេឃើញលោកតាធាក់ស៊ីក្លូ ច្រើនតែគេងនៅលើស៊ីក្លូ តាមចិញ្ចើមផ្លូវ នៅពេលយប់អធ្រាត្រនោះ ទើបធ្វើឲ្យពួកគេបង្កើតមូលនិធិនេះឡើង៕