(ភ្នំពេញ)៖  កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា នាងបានប្រឡូកចូលសិល្បៈ អស់រយៈពេលជាង​ ១០ឆ្នាំមកហើយ ងាកមកប្រជាប្រិយភាពរបស់នាង មានមហាជនប្រុសស្រី គាំទ្រច្រើនលើសលប់ ប៉ុន្តែមហាជនមិនបានដឹងទេថា នៅពីក្រោយ​នៃភាពជោគជ័យមួយនេះ នាងត្រូវឆ្លងកាត់ តស៊ូ ពុះពារ គ្រប់ឧបសគ្គ និងធ្លាប់បរាជ័យក្នុងជីវិតប៉ុន្មានដងនោះទេ ទម្រាំតែអាច​សាងកេរិ៍តឈ្មោះ មានភាពល្បីល្បាញ​មកដល់សព្វថ្ងៃ។ នេះបើតាមការបង្ហើបឲ្យដឹងពីម្ចាស់​សាមីខ្លួន ដែលបង្ហាញ​ពីអារម្មណ៍ពិតរបស់ខ្លួន រួមទាំងចែករំលែកនូវបទពិសោធន៍ ទាំងហូរទឹកភ្នែក ខណៈដែលនាងបានរឭកពីប្រវត្តិកម្សត់ កាលពីអតីតកាល។

នៅក្នុងនោះ​ម្ចាស់បទ «លើកទីមួយ» រូបនេះ បាននិយាយថា ខ្លួនបានបែកបាក់គ្រួសារ តាំងពីនៅកុមារភាពមកម្ល៉េះ ជាហេតុ​ធ្វើឲ្យនាង ត្រូវខិតខំប្រឹងប្រែង ដើម្បីផ្គត់ផ្គង់គ្រួសារ ជាពិសេសគឺប្អូនៗរបស់នាង ហើយជាពេលវេលាមួយ ដែលធ្វើ​ឲ្យនាងអាចបំភ្លេចបាន នូវការឈឺចាប់មួយនេះ។ ការរៀបរាប់ទាំងអារម្មណ៍ពិត នៅលើឆាកប្រគំតន្រ្ដី បែបនេះ​បានធ្វើឲ្យអ្នកគាំទ្ររបស់នាង មានក្ដីក្ដុកក្ដួល​ជាខ្លាំង ព្រោះពីមុនមក នាងមិនដែលសម្រក់ទឹកភ្នែក នៅមុខមហាជន​បែបនេះ​​ទេ។

តាមការកត់សម្គាល់ តារាស្រីសំឡេងធ្ងន់ ឱក សុគន្ធកញ្ញា អាចក្ដោកក្ដាប់ប្រជាប្រិយភាពបានដដែល បើទោះបីជាមានស្នេហ៍ ជាមួយនឹងប្អូនប្រុសរបស់ថៅកែផលិតកម្មហង្សមាស បានរីកសុះសាយពេញបណ្ដាញអ៊ីនធឺណេតក្ដី ប៉ុន្តែទស្សនិកជន នៅតែចូលចិត្តស្ដាប់បទចម្រៀងរបស់នាង។ ថ្មីៗនេះ នាងថែមទាំងបើកអាជីវកម្ម លក់ផលិតផលផ្ទាល់ខ្លូន ទៀតផង។ ក្រៅពីជាតារាចម្រៀងជួរមុខប្រចាំប្រទេសកម្ពុជាហើយនោះ ឱក សុគន្ធកញ្ញា ក៏ជាគណៈកម្មការ នៅក្នុង​កម្មវិធីលំដាប់ពិភពលោក ដូចជា «The Voice Cambodia», «Cambodain Idol», «TheVoice Kids» របស់​ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ៕