(ភ្នំពេញ)៖ មានការចាប់អារម្មណ៌យ៉ាងខ្លាំង បន្ទាប់ពីបានលេចចេញនូវវីដេអូមួយ របស់ក្មេងស្រីម្នាក់ ដែល​និយាយរៀបរាប់ជាភាសាបារាំង ត្រូវបានគេបង្ហោះឡើងនិងស៊ែតៗគ្នា ដោយក្នុងឃ្លីបនោះមានការរៀបរាប់ ពីការឈឺចាប់របស់ក្មេងស្រីម្នាក់ និង ម្ដាយ ខណៈដែលឪពុករបស់នាង បានសម្រេចចិត្តបោះបង់ចោលគ្រួសារ ព្រោះតែមូលហេតុមកពី តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា តើការចោទ​ប្រកាន់នេះជារឿងការពិត ឬយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលគេបានឃើញ គឺក្មេងស្រីនោះ បានបង្ហោះវីដេអូយំសោក អមដោយសំណេរជាភាសាបារាំង ហើយត្រូវបានប្រែជាភាសាខ្មែរ ដោយមានរឿងចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងតារាចម្រៀងចាស់វស្សារូបនេះ។

សំណេរដែលត្រូវបានបកប្រែជាភាសាជាតិនោះ មានខ្លឹមសារថា «ម៉េង កែវពេជ្ជតា លួចប្តីគេនៅបារាំង! ក្នុងលិខិត​ខាងក្រោមនេះ ក្មេងស្រីម្នាក់រៀបរាប់ អំពីការឈឺចាប់របស់នាង និងម្តាយនាង ទាក់ទងនឹងរឿងឪពុករបស់នាង លែងលះជាមួយម្តាយនាង ដោយ ម៉េង កែវពេជ្ជតា បានទាក់ទងសាហាយស្មន់ បង្វក់ឪពុករបស់នាង ឲ្យលែង​លះជាមួយម្តាយរបស់នាង អំឡុងពេល ម៉េង កែវពេជ្ជតា មកច្រៀងនៅបារាំង ឆ្នាំ២០០៩ និង ២០១១។ នាង និង ម្តាយ ទើបតែដឹងរឿងសាហាយស្មន់នេះ ឆ្នាំ២០១៥»

ក្នុងសំណេរដដែលបានបន្តថា «គោលបំណង ម៉េង កែវពេជ្ជតា មកបារាំង ឆ្នាំ២០១៨ គឺមកនៅប្រទេសបារាំង ជាមួយ​ឪពុកនាង។ រូបថតផ្ទះ ម៉េង កែវពេជ្ជតា បង្ហោះក្នុងបណ្តាញសង្គម គឺជាផ្ទះរបស់នាង ហើយនៅជិតផ្ទះរបស់ក្មេងស្រី ធ្វើឲ្យនាង និងម្តាយនាង រឹតតែឈឺចុកចាប់។ ទោះជាយ៉ាងណាក្មេងស្រី បានយំរៀបរាប់ថា ទោះឪពុកនាងមានកំហុសយ៉ាងណាក្ដី នាង និង​ម្តាយនាង នៅតែស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ នាង និង​ម្តាយនាង នៅតែមានសង្ឃឹម រង់ចាំទទួល​ឪពុកនាងត្រឡប់មករកម្តាយនាង និង​នាងជានិច្ច។ សរុបសេចក្តីមក ម៉េង កែវពេជ្ជតា យកប្តីគេនៅបារាំង»

​ការបង្ហោះសារខាងលើនេះ ធ្វើឡើង ស្របពេលដែលអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើដំណើរ​ទៅដល់ទឹកដីប្រទេសបារាំង កាលពីចុងខែសីហា កន្លងទៅនេះ  ដោយក្នុងពេលនេះ អ្នកនាងកំពុងនាំកូនដើរកម្សាន្ត យ៉ាងសប្បាយ​រីករាយនៅក្នុងទីក្រុងប៉ារីស។ អ្នកនាង ម៉េង កែវពេជ្ជតា មិនទាន់ឃើញបញ្ចេញប្រតិកម្ម នឹងការបង្ហោះនេះនៅឡើយទេ ប៉ុន្តែផ្អែកតាមការបង្ហោះ បានធ្វើឲ្យប៉ះទង្គិចដល់កេរ្តិ៍ឈ្មោះ របស់អ្នកនាងយ៉ាងខ្លាំង ក្នុងនាមជាតារាចម្រៀងចាស់វស្សាម្នាក់ នៅក្នុងប្រទេសកម្ពុជា៕