(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ មកពីក្លឹប Manchester City, Raheem Sterling ត្រូវបានដកឈ្មោះចេញពី ក្រុម​ជម្រើសជាតិតោកំណាចអង់គ្លេស ដោយសារតែមានបញ្ហារបួសខ្នង មុនជំនួបមិត្តភាពអន្តរជាតិ​ទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញ និងស្វីសនាចុងសប្តាហ៍នេះ។

កីឡាករវ័យ២៣ឆ្នាំ Sterling មានបញ្ហារបួសខ្នងជាសះស្បើយមិនទាន់ពេលឡើយ មុនជំនួបទល់នឹងក្រុមខ្លាំងប្រចាំទ្វីប អឺរ៉ុបដូចគ្នា អេស្ប៉ាញ និងស្វីស នេះបើយោងតាមសេចក្តីថ្លែងការរបស់សហព័ន្ធបាល់ទាត់អង់គ្លេស FA ត្រូវបាន​ដកស្រង់ដោយ BBC។

ភ្លាមនោះដែរ គ្រូបង្វឹកអង់គ្លេស លោក Gareth Southgate មិនទាន់បានបង្ហើបពីកីឡាករណាមួយ ដើម្បីជំនួសកៅអី Sterling នោះឡើយ ក្នុងចំណោមកីឡាករ ២២រូបដែលត្រូវប៉ះអេស្ប៉ាញ ក្នុងពាន Uefa Nationals League នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុន៣ថ្ងៃដែលត្រូវប៉ះស្វីស ក្នុងមិត្តភាពអន្តរជាតិ។

អតីតកីឡាករនៃក្លឹប Liverpool, Sterling ជាបេក្ខភាពមួយរូបក្នុងចំណោម ៤នាក់ក្នុងក្រុមតោកំណាចអង់គ្លេស រួមមាន Harry Kane, Marcus Rashford និង Danny Welbeck ដែលរូបគេបានលេង៦ ក្នុងចំណោម ៧ប្រកួតសរុបរបស់ អង់គ្លេសនៅ World Cup 2018 ដែលទើបបញ្ចប់ទៅកាលពីខែកក្កដានោះ៕