(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរ​មកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញាម្សិលមិញ ដើម្បីដឹកនាំការហ្វឹកហាត់របស់ក្រុមរហ្សនាមគោព្រៃកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាដើមសប្ដាហ៍ក្រោយ។

ទន្ទឹមនឹងការមកដល់កម្ពុជានេះដែរ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបាន​ជួបប្រទះក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ Honda ហាក់ព្យាយាម​ធ្វើដំណើរមកស្ងាត់ៗ សូម្បីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏មិនបានជូនដំណឹងដែរ តែក្រោយពេលជួបរឿងបែបនេះ រូបគេបានត្រឹមញញឹម និងដើរយ៉ាងលឿនចូលឡានរង់ចាំខ្លួនប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីអ្នកចាត់ការទូទៅថ្មីរបស់ក្រុមគោព្រៃកម្ពុជា Honda បានធ្វើដំណើរមកដល់​ប្រទេសកម្ពុជាដោយសុវត្ថិភាព មន្ដ្រីសហព័ន្ធក៏បានជូនដំណឹង អំពីការហ្វឹកហាត់របស់ក្រុមជម្រើសជាតិផងដែរ ដែលនឹងចាប់ផ្ដើមហ្វឹកហាត់ថ្ងៃទី១ ជាមួយគ្រូបង្វឹកលោក Honda នាម៉ោង ៤-៦ ល្ងាចនេះ លើទីលានពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ាឡេស៊ី នាល្ងាចថ្ងៃទី១០ ខែកញ្ញាខាងមុខ។

គួរបញ្ជាក់ថា Keisuke Honda ត្រូវបានសហព័ន្ធប្រកាសតែងតាំងជាអ្នកចាត់ការក្រុម និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំ ប៉ុន្ដែលោកមិនយកប្រាក់ខែនោះទេ ពោលគឺលោកជួយដោយស្ម័គ្រចិត្ត តែសហព័ន្ធបានសន្យាធានាលើការចំណាយក្នុងការធ្វើដំណើរទៅមក និងការធ្វើដំណើរក្នុងស្រុក ការស្នាក់នៅ និងការហូបចុក គឺជាបន្ទុករបស់សហព័ន្ធ ដើម្បីជំរុញឲ្យក្រុមជម្រើសជាតិកាន់តែរីកចច្រើន៕