(ភ្នំពេញ)៖ ឧកញ៉ាវ័យក្មេងក្រោយជោគជ័យក្នុងជំនួញដីធ្លី លោក ឡេង ណាវ៉ាត្រា ចុះមើលការសង់ផ្លូវ​ដោយផ្ទាល់តែម្ដង​នៅក្នុងសង្កាត់ចោមចៅ ក្រោយពេលលោកប្រកាសថា ការសាងសង់ផ្លូវមួយខ្សែនេះ គឺចំណាយ​អស់ប្រមាណជា ១០ម៉ឺនដុល្លារ ជាថវិការបស់លោកផ្ទាល់ ដើម្បីជាកាដូដល់ពលរដ្ឋក្នុងទឹកដីចោមចៅ និងក្នុងន័យអបអរដល់កំណើតរបស់កូនប្រុសលោក។

នេះជាការសកម្មភាពជួយដល់សង្គមមួយថ្មី បន្ទាប់ពីលោកបានក្លាយជាអ្នកមានបាន និងបន្ទាប់ពីលោកត្រូវគេស្គាល់មានសកម្មភាពបរិច្ចាគទានដល់ជនទុរគត និងបានជួយថវិកាជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ច្រើនលើករួចមកហើយ។

ប្រភពដែលបានចែកចាយព័ត៌មានចុះសាងសង់ផ្លូវរបស់លោក បានធ្វើការបង្ហោះថា គឺជារឿងប្រពៃណាស់ ដែល អតីតារាចម្រៀងហើយបានក្លាយជាបុគ្គលជោគជ័យក្នុងសង្គមមួយនេះ បានចំណាយលុយផ្ទាល់ខ្លួន និងបានទាំងចុះទៅមើលការចាក់បេតុងដោយផ្ទាល់ទៀត ដើម្បីអោយផ្លូវមួយខ្សែដែលលោកប្រកាសថា ចំណាយលុយធ្វើក្នុងន័យជាកាដូជូនដល់កូនប្រុសត្រូវបានសាងសង់។

លោកឡេង ណាវ៉ាត្រា បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តចំណាយថវិកាដ៏ច្រើន សង់ផ្លូវមួយខ្សែជូនដល់អ្នកភូមិក្នុងសង្កាត់ចោមចៅ ដោយសារតែលោកទទួលបានសំណូមពរ ពីសំណាក់អ្នករស់នៅតាមបណ្ដោយផ្លូវនោះ ថ្ងូរថាពិបាកធ្វើដំណើរជាពិសេសនៅពេលភ្លៀងម្ដងៗ។ លោកថា​សម្រេចចិត្តធ្វើសេចក្ដីល្អមួយ ដោយការចំណាយលុយសង់ផ្លូវទុកជូនអ្នកភូមិបានធ្វើដំណើរ និងជាចំណង់ចងដៃដល់កូនប្រុសរបស់លោកផង៕