(ភ្នំពេញ)៖ អ្នកនាង សាន ស្រីឡៃ ដែលជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក «The Voice Cambodia» ដែលត្រូវបានស្លាប់ ដោយសារប្តីបាញ់សម្លាប់ អស់រយៈពេលជិត១ឆ្នាំហើយ ខណៈដែលកូនៗទាំងពីរត្រូវកំព្រា រស់នៅជាមួយលោកយាយ និងបងស្រីរបស់ ស្រីឡៃ ហើយមកទល់នឹងពេលនេះ កូនៗទាំង២របស់ អ្នកនាង សាន ស្រីឡៃ ទទួលបានការមើលថែខ្លាំងពីលោកយាយ និងម្ដាយធំរបស់ខ្លួន បានយ៉ាងកក់ក្តៅ ទោះបីជាពួកគេលំបាក ខ្វះថវិកា និងនឿយហត់យ៉ាងណាក្តី។

ជាក់ស្តែង កាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់កូនច្បងរបស់នាង បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេង​បណ្តាញសង្គមជាច្រើន មានអារម្មណ៍ថា ក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយការរៀបចំពិធីខួបកំណើត ក្រោមការហូបអាហារជួបជុំគ្នាសប្បាយរីករាយ ក៏ប៉ុន្តែត្រូវអវត្តមានម្តាយរបស់ខ្លួន។

តែទោះបីជាគ្មានម្តាយ នៅជិតដូចឆ្នាំមុនៗ ក៏កូនប្រុសច្បងរបស់ ស្រីឡៃ ទទួលបានភាពកក់ក្តៅខ្លាំង ដោយក្នុងនោះអ្នកនៅជុំវិញ ជាពិសេសលោកយាយ និងម្ដាយធំ បានបង្កើតភាពសប្បាយរីករាយ បានផ្តល់ជាកាដូបន្តិចបន្តួច ដើម្បីជាការលើកទឹកចិត្តដល់ក្មេងៗផងដែរ។

ប៉ុន្តែអ្វីដែលសំខាន់ នៅក្នុងវីដេអូនេះ បងស្រី សាន ស្រីឡៃ ដែលធ្វើខួបកំណើតឲ្យកូននាង ពិតជាដូចនាងបេះដាក់ មិនថា ទម្រង់មុខ ស្ទីលចងសក់ និងការស្លៀកពាក់ ធ្វើឲ្យ អ្នកដែលមើល ប្រហោងពោះអស់តែម្តង៕