(ភ្នំពេញ)៖ ពិតជាកម្រឃើញណាស់ ដែលមានជនជាតិបរទេស អាចច្រៀងចម្រៀង ជាភាសាខ្មែរ​បានយ៉ាងពីរោះ។ ថ្មីៗនេះ មានការចែករំឡែកពេញបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងវីដេអូមួយ បង្ហាញពីសកម្មភាព នារីជនជាតិបរទេសម្នាក់ ដែលជាបេក្ខជនបណ្ឌិត មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក ឈ្មោះ អេមីលី ហាវ បានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «អនិច្ចាតោថ្ម»។ ជាមួយនឹងការបកស្រាយចម្រៀងនេះ​ គឺបានធ្វើឲ្យអ្នកនិយមលេងបណ្តាញ​សង្គម មានការកោតសរសើរ ចំពោះសមត្ថភាពរបស់នាង​គ្រប់គ្នា។

ជាក់ស្តែង វីដេអូចម្រៀងរបស់ នាង អេមីលី ហាវ បានបង្ហោះឡើង តាមរយៈគណនីហ្វេសប៊ុក មានឈ្មោះថា « Sophy Him» ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «កញ្ញា អេមីលី ហាវ បេក្ខជនបណ្ឌិត មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក កំពុងហាត់សូត្រ កំណាព្យខ្មែរ បទ «អនិច្ចា​តោថ្ម» ជាមួយអ្នកគ្រូ កែម ចន្ធូ ថ្នាក់ចម្រៀងបុរាណខ្មែរ នៅសាលាតូរ្យ តន្រ្តី ហ៊ឹម សុភី ​»

នេះមិនមែនជាលើកទី១នោះទេ ដែលនាទីជនជាតិបរទេសរូបនេះ បកស្រាយនូវចម្រៀងប្រពៃណីខ្មែរ ខណៈលើកមុនៗ គេឃើញនាង បកស្រាយចម្រៀងមួយបទ មានចំណងជើងថា «បើនាងបុកស្រូវ» បានយ៉ាងពីរោះ ប្រៀបបាននឹងជនជាតិខ្មែរ។ មិនតែប៉ុណ្ណោះ ក្នុងបណ្តាញសង្គម ក៏មានការចែកចាយ សកម្មភាពរបស់នាង លេងភ្លេងខ្មែរ ប្រើប្រាស់ ឧបករណ៍បុរាណយ៉ាងប៉ិនប្រសព្វ ទៀតផង។