(ភ្នំពេញ)៖ តារាម្តែងស្រីកំពុងក្រសោបបាន ប្រជាប្រិយភាព ​កញ្ញា វណ្ណ វល័ក្ខ បន្ទាប់ពីមានការចុះផ្សាយ នៅលើ​បណ្តាញសារសព័ត៌មាន ក្នុងស្រុកមួយចំនួន ស្របពេលមានដំណឹងលេចឮថា ភាពហ៊ឺហារ ដោយការប្រើប្រាស់សម្ភារៈ មានតម្លៃថ្លៃៗរបស់នាងបច្ចុប្បន្ន គឺបានមកពីការឧបត្ថម្ភ ពីសំណាក់ប្រុសស្នេហ៍នោះ ភ្លាមៗនេះបានធ្វើឲ្យតារាស្រី កញ្ញា វណ្ណ វល័ក្ខ ផ្ទុះប្រតិកម្មច្រានចោលថា ពុំមែនជាការពិតនោះឡើយ។

ជាប្រតិកម្មឆ្លើយតប ចំពោះដំណឹងខាងលើនេះ សាមីខ្លួន កញ្ញា វណ្ណ វ​ល័ក្ខ ឆេះដុំចេញមុខបញ្ជាក់ថា សម្រាប់ភាពហ៊ឺហាររបស់នាងសព្វថ្ងៃ គឺពុំទទួលបានការជួយឧបត្ថម្ភ ពីបុរសណាម្នាក់ឡើយ។ ចំណែកឯរឿងដែលថា នាងកំពុងចងសម្ព័ន្ធភាពស្នេហា ក្រៅឆាក ​ជាមួយអ្នកមានឋានៈធំ ឬខ្ពស់នោះ ក៏គ្មានដែរ ពោលគឺសុទ្ធតែដំណឹងមិនពិតទាំងអស់។

កញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់ថា «តើឲ្យខ្ញុំនិយាយប៉ុន្មានដងទៀតថា ខ្ញុំគ្មានអ្នកជួយទំនុកបម្រុ ឬនៅពីក្រោយអ្វីទេ រីឯគូ​ស្នេហ៍អីគេនឹងក៏គ្មានដែរ។ ខ្ញុំសូមប្រាប់ថា របស់ដែលខ្ញុំមានរាល់ថ្ងៃនេះ ជាកំលាំងញើសឈាមរបស់ខ្ញុំ ហើយរបស់ទាំងនេះមិនមែនសន្សុំមួយថ្ងៃ ឬពីរបានឯណា គឺខ្ញុំសន្សុំរាប់ឆ្នាំណា ទើបសល់ប៉ុណ្ណឹង!»

តារាសម្តែងសម្បូរសាច់ដើមទ្រូងទ្រលុកទ្រលន់ វណ្ណ វល័ក្ខ បានបន្ថែមទៀតថា «ឥឡូវនេះប្អូនបាននិយាយរួចហើយ សូម​បងៗជួយកែសម្រួលឲ្យប្អូនផង ព្រោះថាពាក្យដែលបងសសេរមកនេះដូចរាងធ្ងន់ដែរ ហើយក៏អាចខូចឈ្មោះនាងខ្ញុំទៀត សូមអរគុណ»