(ក្រុងឡុងដ៍)៖ ក្លឹបហង្សក្រហម Liverpool បន្តរកបាន ៣ពិន្ទុ ដើម្បីឈរនៅកំពូលតារាងនៃ Premier League បណ្តោះអាសន្ន ក្រោយយកឈ្នះម្ចាស់ផ្ទះ កញ្ជ្រោងខៀវ Leicester City ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន King’s Power ប្រចាំសប្តាហ៍ទី៤ ជើងទី១ នារាត្រីថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០១៨។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ គ្រាប់បាល់នាំមុខដំបូងរបស់ក្លឹហង្សក្រហម Liverpool រកបានដោយកីឡាករខ្សែប្រយុទ្ធ Sadio Mane នៅនាទីទី១០ មុនពេលមិត្តដែលជាខ្សែប្រយុទ្ធដូចគ្នា Roberto Firmino បន្ថែមគ្រាប់ទី២ នៅនាទីទី៤៥ និងកីឡាករ Ghezzal រកបានតែ១គ្រាប់ឲ្យក្រុមជើងឯក Premier League ឆ្នាំ២០១៦ នៅនាទីទី៦៣ រហូតដល់ចប់ ការប្រកួតពេញម៉ោង ៩០នាទី។

ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ នារដូវកាលមុន និងរងជើងឯក UEFA Champions League ផងនោះ បានរក្សាលេងមិនចាញ់ ក្នុងចំណោម ៤ប្រកួត និងបន្តឈរនៅកំពូល Premier League ដដែល ដោយមានតោខៀវ Chelsea លេងមិនចាញ់ដូចគ្នា និងបានយកឈ្នះក្រុមភ្ញៀវ AFC Bournemouth ២-០ ទៀតនោះ៕