(ភ្នំពេញ)៖ តារាសម្ដែង ដែលបានវិវឌ្ឍន៍ទៅជាតារាចម្រៀង កញ្ញា តេង លក្ខិណា បន្ទាប់ពីបាត់មុខអស់រយៈពេលជាច្រើនខែ ពីវិស័យចម្រៀងរួចមក ស្រាប់តែថ្មីៗនេះ លេចឮថា មានប្រុសជាអ្នកមានស្ដុកស្ដម្ភម្នាក់ ចេញមុខធានាឲ្យលក្ខិណា រស់នៅដោយមិនចាំបាច់ពឹង លើអាជីពសិល្បៈទេ ហើយនាងនឹងសោយសុខ លើគំនរទ្រព្យចាយមិនចេះអស់ឡើយ។

ប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា មានបុរសអ្នករកស៊ីធំម្នាក់ វ័យប្រមាណ៥០ស្តើង ជិះរថយន្តទំនើបៗគ្រប់ម៉ាក ហើយតារាស្រីៗជាច្រើនតែងស្គាល់លោក ហើយហៅថា «មេៗ» នោះ បានចាំត្រងស្នេហ៍ តេង លក្ខិណា ពីថៅកែផលិតកម្មមួយ ហើយថែមទាំងចង់ជះលុយឲ្យនាង យកទៅកែសម្រស់តាមចិត្តចង់ទៀតផង។ ប៉ុន្តែអ្នកជំនួញដែលសរសើរ តេង លក្ខិណា ថា ជាតារាស្រីស្អាតដាច់គេនោះ ត្រូវប្រឈមនឹង ជាមួយថៅកែស្រីលក់ពេជ្រម្នាក់ នៅម្តុំផ្សារធំថ្មី ហេតុនេះហើយបានជាពេលនេះ លក្ខិណា កាន់តែមានជម្រើសស្នេហ៍កាន់តែច្រើន ទោះជានាងធ្លាក់កូដកេរ្តិ៍ឈ្មោះបន្តិចមែន តែរឿងស្នេហា មិនអាចតារាណាខ្លាំងជាងនាងទេ។

ដោយឡែកបើយោងតាមព័ត៌មានពីអ្នកធ្លាប់ជិតស្និទ្ធ នឹងតេង លក្ខិណា បានបង្ហើបថា តេង លក្ខិណា រាងឡើងគីឡូបន្តិច ទើបមិនទាន់ចេញមុខវិញ នៅពេលហ្នឹង ហើយពេលមានផលិតកម្ម ហៅនាងថត ក៏លក្ខិណា ប្រកែកដែរ ព្រោះតែរាងមិនដូចពីមុន ធ្វើឲ្យស្ទាក់ស្ទើរក្នុងការបង្ហាញវត្តមានក្នុងសិល្បៈ។ ជាមួយគ្នានេះ នាងក៏មិនខ្វះប្រាក់ចាយ ដោយត្រូវមកសន្សំប្រាក់ល្អិត បានមកពីការងារសិល្បៈ ហាលក្ដៅហាលថ្ងៃ ធ្វើឲ្យសាច់ខ្មៅជាំនោះដែរ។

គេនៅចាំបានថា តេង លក្ខិណា ធ្លាប់ជិះរថយន្តទំនើបៗដ៏កំពូល មានដូចជា Lexus RX 330, BMW និង Range Rover ដែលធ្វើឲ្យអ្នកសិល្បៈរួមអាជីពស្ញប់ស្ញែង ពីតារាតូចច្រឡឹងរូបនេះជាខ្លាំង ហើយពួកគេថែមទាំងសរសើរ លក្ខិណា ថា ស្អាតមិនចាញ់តារាបរទេសឡើយក្រោយពេលដែលនាងបានទៅកែសម្រស់នៅប្រទេសកូរ៉េនោះ។

ហើយតាមរយៈរូបភាពចុងក្រោយនោះ លក្ខិណា ច្រើនតែលេចមុខទៅកម្សាន្តបន្ធូរអារម្មណ៍នៅប្រទេសថៃ យ៉ាងស្រងូតស្រងាត់។

ទស្សនិកជន និងអ្នកធ្លាប់គាំទ្រ កំពុងរង់ចាំមើលថា តើតេង លក្ខិណា នឹងជ្រើសផ្លូវមុខផ្តាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុង ដោយផ្គាប់ចិត្តគូស្នេហ៍ដូចតារាល្បីៗមួយចំនួនទៀត ឬក៏អាចវិលត្រឡប់ទៅរកអាជីពសម្តែង នៅក្នុងផលិតកម្ម M ជុំវិញនៅពេលដែលនាងកំពុងប្រឹងសម្រកទម្ងន់ ឲ្យស្វែលដូចដើមវិញ នាពេលឆាប់ៗខាងមុខនេះ ឬយ៉ាងណានោះទេ?