(ភ្នំពេញ)៖ ជាការពិតចំណងស្នេហ៍របស់តារាវ័យក្មេងមួយគូ ដែលជាអ្នករស់នៅក្នុងចង្កោមសិល្បៈដូចគ្នា គឺតារាចម្រៀងយេៗ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ហៅ ជីដេវីត កំពុងតែក្លាយជាប្រធានបទក្ដៅ សម្រាប់អ្នកចូលចិត្តតាមដានសកម្មភាពតារាខ្មែរ ជាពិសេសអ្នកគាំទ្រតារាទាំងពីរដួងនេះ ចង់ដឹងពីលទ្ធផល នៃចំណងស្នេហ៍របស់ពួកគេ ព្រោះតែឃើញអ្នកទាំងពីរ តែងតែសិ្នទ្ធស្នាលលើសពីធម្មតា និងការដាក់ហ៊ុនចូលគ្នា បើកជំនួញរកស៊ីជាបន្តបន្ទាប់។ ប៉ុន្តែពួកគេមិនដែលសារភាព ឲ្យមហាជន និងអ្នកគាំទ្ររបស់ខ្លួនបានដឹង ជាសាធារណៈឡើយ ខណៈដែលថ្មីៗនេះចំណងស្នេហ៍របស់ពួកគេ កំពុងរងនូវមន្ទិលសង្ស័យថា ជាស្នេហ៍ក្លែងក្លាយ។

ប៉ុន្តែ ទេព បូព្រឹក្ស ក៏ហ៊ានបង្ហាញភាពស្និទ្ធស្នាលគ្នា​ជាមួយ ដេវីត ​ដោយផ្អែមល្ហែមដូចប្តីប្រពន្ធ ទើបរៀបការហើយ​ថ្មោងថ្មីអ៊ីចឹង​ ​ខណៈដែលអាជីពចម្រៀងមានការប្រកួតប្រជែងគ្នា កាន់តែខ្លាំង​ហើយ ទេព បូព្រឹក្ស មិនអាចខ្វះដេវីតបានឡើយ ​ព្រោះជាខ្នងបង្អែក​របស់នាងយ៉ាងរឹងមាំ ដោយជាអ្នក​និពន្ធបទចម្រៀង ឲ្យ​ច្រៀងទាំងយប់ថ្ងៃទាំងថ្ងៃ និងដើម្បីឲ្យនឹមនួនរូបនេះកាន់តែល្បីថែមទៀត។ តារា​ជិតស្និទ្ធ ដែល​ជ្រកក្រោមដំបូលហង្សមាស បានបង្ហើបឲ្យដឹងថា បូព្រឹក្ស ហៅស្រីនិច ពេញចិត្ត ដេវីត ខ្លាំងណាស់ ក្នុងការធ្វើបទភ្លេង និងនិពន្ធចម្រៀងឲ្យនាងច្រៀង ហេតុនេះហើយពួកគេមិនអាចអត់គ្នាបាននោះទេ។

ទោះបី ទេព បូព្រឹក្ស ប្រឹងបង្ហាញភាពផ្អែមល្ហែមជាមួយ ងួន ចាន់ដេវីត ដូចស្ករតាំងម៉ែបេះមិនចេញ យ៉ាងណាក៏ដោយ តែបែរជាធ្លាយដំណឹងថា នាងកំពុងតែបង្កាត់ភ្លើងស្នេហ៍​ ក្លែងក្លាយជាមួយ ដេវីត ទៅវិញ និងកាន់តែល្បីល្បាញថែមទៀត ពេញក្នុងចង្កោមអ្នកសិល្បៈ​ដោយពួកគេចាត់ទុកថា ចំណងស្នេហ៍នេះជាការសម្តែង ដើម្បីឲ្យទាំងសងខាងកាន់តែល្បីល្បាញ ដូចគ្នា។ ការអះអាងបែបនេះ ដោយសារតែមានតារាដែលជិតស្និទ្ធ​​នឹង ទេព បូព្រឹក្ស បានបង្ហើប​ឲ្យដឹងថា គូស្នេហ៍ពិតប្រាកដរបស់ ទេព បូព្រឹក្ស ត្រូវបានគេសង្ស័យថា គឺជាលោកធំពាក់ផ្កាយ៤ម្នាក់ ដែលតារាស្រីៗជាច្រើន​មកហើយបានស្គាល់រូបលោក ព្រោះតែបុរសចាយលុយដូចចាយក្រដាសរូបនោះ ស្រឡាញ់តែស្រីស្អាតជាតារាល្បីៗ​។

ប្រភពច្បាស់លាស់បន្តទៀតថា ឧត្តមសេនីយ៍ពាក់ផ្កាយ៤រូបនោះ ជាអ្នកទំនុកបម្រុងឲ្យ បូព្រឹក្ស បើកហាង និងទិញរថយន្ត Land Cruiser V8 ឲ្យនាងជិះដោយហ៊ឺហារ ហូតដល់សព្វថ្ងៃ។ តែដំណឹងទាំងនេះត្រូវបាន បូព្រឹក្ស ធ្លាប់ច្រានចោល ដោយនាងលើកឡើងថា អ្នកខ្លះថា នាងមានស្នេហាជាមួយឧកញ៉ា ឬកូនអ្នកធំ​ ជាដើម តែនាងមិនដឹងជាត្រូវធ្វើម៉េចឡើយ ព្រោះថា មិនអាចហាមឃាត់គេមិនឲ្យនិយាយរឿងទាំងនោះបានទេ។ បូព្រឹក្ស ថែមទាំងនិយាយការពារ​គូស្នេហ៍ គឺលោក ងួន ចាន់ដេវីត ថា ជាអ្នកមានសមត្ថភាពម្នាក់ ដោយមិនចាំបាច់ច្រៀងខ្លួនឯង ក៏អាចធ្វើបទភ្លេងឲ្យគេច្រៀង រកលុយបានដែរ។

​ថ្វីត្បិតតែ ទេព បូព្រឹក្ស នៅតែព្យាយាមបញ្ជាក់ថា ចំណងស្នេហានាងជាមួយ ងួន ចាន់ដេវីត គឺជាស្នេហ៍ពិតមិនក្លែងក្លាយក្តី តែតារាលេងសម្រស់ឆើតឆាយរូបនេះ មិនទាន់កំណត់ថា ពេលណា ទើបនាងគ្រោងដឹកដៃម្ចាស់ស្នេហ៍ ចូលរោងការឡើយ ព្រោះនាងសម្អាងថា ត្រូវការពង្រឹងអាជីពចម្រៀងឲ្យបានរឹងមាំ ជាងនេះថែមទៀត រឿងរៀបការចាំគិតពេលក្រោយ៕