(ភ្នំពេញ)៖ ជាការពិត មួយរយៈមុនតារាសម្តែង និងជាពិធីការិនីសាច់សខ្ចីដូចបណ្តូលចេក កញ្ញា ណា សាឌី ហាក់ធ្វើឱ្យទស្សនិកជនរកនូវមន្ទិលសង្ស័យជាច្រើន ជុំវិញនូវរឿងរ៉ាវអាស្រូវនានា ដែលធ្វើឱ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់នាង។ កាលណោះ ទោះបីជារឿងអាស្រូវរបស់នាងហាក់ពុះកញ្ជ្រោរពេញបណ្តាញសង្គមហ្វេសប៊ុកក្តី ប៉ុន្តែសាមីខ្លួន គឺ កញ្ញា សាឌី ផ្ទាល់មិនទាន់ចេញមុខមកបកស្រាយនោះទេ ដែលធ្វើឱ្យទស្សនិកជនគិតថា នាងកំពុងតែខ្លាចរអារនឹងអ្នកកាសែត មិនហ៊ានបកស្រាយ។ តែយ៉ាងណា ដើម្បីបញ្ចប់ចម្ងល់មហាជន នាងនឹងចូលខ្លួនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ កញ្ញា ណា សាឌី គឺជាតារាសម្តែង ស្រីមួយដួងដែលមានប្រជាប្រិយភាពខ្លាំង ព្រមទាំងមានទីផ្សារសិល្បៈមិនចេះចប់ទៀតផង។ បើតាមគេដឹង ស្រីស្រស់រូបនេះ ហាក់កាក់កបខ្លាំង ក្នុងអាជីពជាតារាបង្ហាញម៉ូតសម្លៀកបំពាក់ទាន់សម័យ និងឈុតកូនក្រមុំជាដើម។ ដោយឡែក បើងាកមករកអាជីបជាពិធីការិនីវិញ នាងហាក់លេចធ្លោរខ្លាំង ដោយការចេះប្រើនូវពាក្យចសម្តីមិនចេះរីងស្ងួន ព្រមទាំងរូបសម្រស់ផងនោះ។

យ៉ាងណាមិញ ទោះប្រជាប្រិយភាពរបស់នាង មានច្រើនក្តី ប៉ុន្តែចំពោះរឿងរ៉ាវអាស្រូវប៉ះពាល់កេរ្តិ៍ឈ្មោះក៏មិនតិចនោះដែរ ដែលទស្សនិកជនចង់ដឹងឮការបកស្រាយរបស់នាង ខណៈរឿងហាក់ស្ងប់ស្ងាត់ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នាងនឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីស្រាយនូវចម្ងល់របស់ទស្សនិកជន ជុំវិញនូវបញ្ហាទាំងនេះ ។

កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចទី ០១ ខែកញ្ញា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕