(ភ្នំពេញ)៖ គុនខ្មែរកីឡាករ មុត វិសាល បានវាយឈ្នះកីឡាករថៃ Tonpetch ក្នុងប្រភេទទម្ងន់ ៥៥គីឡូក្រាម ដែលជាការប្រកួតក្នុងកម្មវិធីប្រដាល់ MAX Mauy Thai កាលពីរាត្រីថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសង្វៀន Mauy Thai។

សម្រាប់ការប្រកួតចុងក្រោយនេះកីឡាករកម្ពុជា មុត វិសាល ប្រកួតបាន ៣២ដង ឈ្នះ២៧ដង ចាញ់៥ដង មិនដែលស្មើ ខណៈកីឡាករថៃ Tonpetch ប្រកួតបាន ៥៧ដង ឈ្នះ៤៣ដង ចាញ់១៣ដង ស្មើ១ដង។

ក្នុងការប្រកួតរវាងកីឡាករទាំងពីរ សម្រាប់ការប្រកួតដ៏យ៉ាងស្វិតស្វាញក្នុងទឹកទីមួយ កីឡាករថៃ Tonpetch ធ្វើបានល្អជាង ដោយបានប្រើក្បាច់កែងវាយចំផ្ទៃមុខកីឡាករ មុត វិសាល បានច្រើនជាង ខណៈ មុត វិសាល បានព្យាយាមប្រើក្បាច់ជង្គងវាយទៅវិញផងដែរ ការប្រកួតក៏បានបន្តចូលទឹកទី៣ ដែលជាទឹកផ្តាច់ព្រ័ត្រ ក្រោយការវាយដៃគូដោយប្រើក្បាច់ជង្គងបានច្រើននោះ លោកអជ្ញាកណ្តាលឲ្យកីឡាករកម្ពុជា មុត វិសាល ឈ្នះកីឡាករថៃ Tonpetch ដោយពិន្ទុ។

បញ្ជាក់ផងដែរថា បន្ទាប់ពីកីឡាករ មុត វិសាល បានវាយឈ្នះកីឡាករ Tonpetch ក្នុងសង្វៀន MAX Mauy Thai នេះហើយ កីឡាករកម្ពុជា សុខ រិទ្ធ ក៏មានមុខចូលប្រកួតក្នុងកម្មវិធីប្រដាល់នេះដែរ នៅថ្ងៃអាទិត្រ ទី២ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ៕