(ភ្នំពេញ)៖ ក្រោយពីរងការរិះគន់ពីតារាសម្តែងក្នុងផលិតកម្មរបស់លោក ស្ដីពីប្រាក់ថ្លៃសម្ដែង​ លោក អ៊ិន សុភិន បានថ្លែងនៅលើហ្វេសប៊ុកជាសាធារណៈថា «នៅប្រទេសកម្ពុជាយើង មានច្បាប់ត្រឹមត្រូវដូចប្រទេសដទៃ​ដែរ ហើយក្នុងការធ្វើអ្វីមួយ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម តែងតែមានកុងត្រា ឬកិច្ចសន្យាច្បាស់លាស់ជាមួយគ្នា។ ប្រសិនបើភាគីណាមួយ រំលោភលើកិច្ចសន្យា ភាគីដែលត្រូវគេរំលោភ លើសេចក្ដីទុកចិត្ត អាចរកច្បាប់ឲ្យជួយការពារបាន។ តែពេលនេះក្នុងសង្គមសិល្បៈ មានតែរឿង Post (បង្ហោះ) ហែកហួរគ្នាតាម Facebook ដោយមិនយកតាមកិច្ចសន្យា ធ្វើឲ្យមហាជនមានការរិះគន់ មកលើវិស័យសិល្បៈយ៉ាងខ្លាំង នឹងនាំឲ្យបាត់បង់ការគាំទ្រថែមទៀត។ ក្នុងនាមខ្ញុំ ជាអនុប្រធានសមាគមភាពយន្តកម្ពុជា សូមសំណូមពរមេត្តាដោះស្រាយ ជំលោះគ្នាដោយសន្តិវិធី និងដោយតាមប្រព័ន្ធច្បាប់ទើបល្អ ដើម្បីកុំឲ្យមិនប៉ះពាល់ដល់មុខមាត់ស្ថាបនសិល្បៈ។ សូមកុំចង់ចាញ់ឈ្នះគ្នា ​​ក្រៅច្បាប់អី ករណីក្រុមហ៊ុន មហាហង្សរបស់ខ្ញុំដូចគ្នា បើរំលោភលើកិច្ចសន្យា សូមមេត្តារត់ទៅរកច្បាប់ចុះ បើក្រុមហ៊ុនធ្វើខុស ខ្ញុំនឹងប្រឈមមុខ​ច្បាប់ជាធរមាន សូមអរគុណដោយក្ដីគោរព​ រាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»

អនុប្រធានសមាគមភាពយន្តកម្ពុជារូបនេះ អះអាងថា តារាសម្ដែងច្រើនណាស់ មិនមែនត្រឹមតែលោក ហង្ស សម្បើមស័ក្ដ នោះទេ ដែលខាងផលិតកម្មរបស់លោក ឈានដល់ការប្ដឹងផ្ដល់ដល់មេធាវី ដើម្បីឲ្យតារាទាំងនោះ ផ្ដល់ពេលវេលា​មកសម្ដែងឲ្យចប់សាច់រឿង បន្ទាប់ពីតារាទាំងនោះក្រឡុកពេលវេលាផលិតករ ហើយធ្វើឲ្យការផលិតប្រឈម នឹងបញ្ហាផលិតភាពយន្ត មិនទាន់សម្រាប់រោងកុន និងសម្រាប់ដាក់​លើទូរទស្សន៍ តែលោកមិន​ដែលបើកបង្ហាញឯកសារបណ្ដឹងនោះ មុនពេលមានការវាយប្រហារពីសំណាក់ លោក ហង្ស សម្បើមស័ក្ដ នោះទេ ដោយសារតែលោកយល់ថា ជម្លោះតារាៗ ក៏ដូចជាផលិតករ បើបែកទៅក្រៅ នឹងមានអ្នកមើលងាយ តារាខ្មែរខ្លាំងឡើង។

​នៅពេលតារាសិល្បៈសំបូរជម្លោះកើតឡើង អ្នកគាំទ្រមួយចំនួន នឹងមានគំនិតស្អប់ដល់ស្នាដៃ សិល្បៈរបស់ជាតិឯង ជាពិសេសគឺស្អប់ដល់ភាពយន្តខ្លួនឯងតែម្ដង ព្រោះតែមិនចង់គាំទ្រតារាខ្មែរ និងស្នាដៃខ្លួនឯង ទាំំងនោះហើយដែលលោកយល់ថា ជាការប៉ះពាល់ ហើយបើភាពយន្តខ្មែរកាន់តែបាត់ទំនុកចិត្ត ផលិតករសម្រេចចិត្តបិទទ្វារ ព្រោះតែរឿងឈឺក្បាលនឹងតួសម្ដែងផង គឺតារាសម្ដែងនោះទេ ដែលមានបញ្ហា។ លោកនិយាយថា អ្វីៗសុទ្ធតែមានកុងត្រា ចុះហេតុអ្វីតារា ដែលមានបញ្ហាចាំបាច់បង្ហោះ ចាំបាច់បង្កជម្លោះ មិនយកច្បាប់មកប្រើ? ​ជាមួយគ្នានោះ លោកក៏បានបង្ហើបថា ហេតុផលដែលផលិតកម្មរបស់លោក យឺតយ៉ាវលុយតួ មិនមែនជាកំហុសរបស់ខ្លួននោះទេ ប៉ុន្តែបណ្ដាលមកពីមហាហង្ស ផលិតក្នុងមួយឆ្នាំៗច្រើនរឿង ហើយបណ្ដាទូរទស្សន៍មួយចំនួន ក៏យឺតយ៉ាវលុយកាក់យូរៗ ដូចគ្នា​។ យ៉ាងណាមិញ លោក​ពិបាកលុយជាមួយក្រុមការងារ និងតួសម្ដែង គឺមានតែសម្រាប់បុគ្គលណា ដែលក្រឡុកម៉ោងពេល និងបង្កការលំបាកដល់ផលិតកម្មប៉ុណ្ណោះ៕

លោក អ៊ិន សុភិន

លោក ហង្ស ​សម្បើម​ស័ក្តិ និងកញ្ញា ណាក់ ស្រីណា

លោក អូន ឧស្សាហ៍