(ភ្នំពេញ)៖ ក្រុមបាល់ទាត់ណាហ្គាវើល និងក្រុមក្រសួងការពារជាតិ នឹងត្រូវជួបគ្នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ១/២) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ លើទីលានពហុកីឡដ្ឋានជាតិ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្ររៀងៗខ្លួន។

ប៉ុន្ដែមុនឈានដល់ពេលធ្វើសង្គ្រាមលើសមរភូមិវាលស្មៅ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានបង្ហោះសារគួរឲ្យគោរពមួយ ស្របពេលក្រុមលោក ត្រូវជួបក្រុមក្រសួងការពារជាតិ ដែលមានគ្រូបង្វឹកជាមិត្តភ័ក្រ្តរបស់ខ្លួន គឺលោក ភា សុភ័ក្ដ្រា។ លោកសរសេរថា «ដើរកាត់ភ្លៀងគង់តែទទឹក! ធ្វើសង្រ្គាមលើវាលស្មៅគង់តែជួបគ្នា តែយ៉ាងណាសូមជូនពរអោយសំណាងល្អល្ងាចនេះ ចាញ់រឺឈ្នះយើងទាំង ២នាក់ នៅតែជាមិត្តដ៏ល្អ»

នេះគឺជាសារមួយបង្គ្រប់ដោយអត្ថន័យគំរូដ៏ល្អ ក្នុងនាមជាថ្នាក់ដឹកនាំក្រុម ដែលត្រូវហ៊ានប្រឈមនឹងការពិត ទទួលយកនូវលទ្ធផល ទោះឈ្នះ ឬចាញ់ ហើយអ្វីដែលសំខាន់ គឺការប្ដេជ្ញារក្សានូវចំណងមិត្តភាពដ៏យូរអង្វែង​របស់គ្រូបង្វឹកក្រុមទាំងពីរ។ ដូច្នេះគេរំពឹងថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមណាហ្គាវើល និងក្រសួងការពារជាតិល្ងាចនេះ នឹងមានភាពទាក់ទាញកាន់តែខ្លាំង។ ហេតុនេះ ចាំមើលតើក្រុមលោក មាស ចាន់ណា ឬក្រុមលោក ភា សុភ័ក្ដ្រា នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ?

គួរបញ្ជាក់ថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីល្ងាចនេះ គឺមានតែ ១ប្រកួតខាងលើប៉ុណ្ណោះ គ្រាដែលមួយប្រកួតទៀត គឺក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមប៉ូលិស នឹងប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០២ ខែកញ្ញាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា។ ការប្រកួតធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដូច្នេះក្រុមឈ្នះនឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ តែក្រុមចាញ់ត្រូវទទួលបានចំណាត់ថ្នាក់លេខ ៣ស្ទួន ដោយមិនបាច់ធ្វើការប្រកួតឡើយ៕