(ភ្នំពេញ)៖ លោក គួច ខេវិន បានសរសេរសារបង្ហោះ នៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានរៀបរាប់ថា «មើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ប៉ុន្តែមិនពិចារណា គឺគួរឲ្យស្រណោះកូនខ្មែរខ្លះៗ ដែលតែងតែហួងហែង អះអាងថា «ល្ខោនខោល» គឺមរតករបស់ដូនតា បុព្វបុរស របស់ខ្លួន បានបន្សល់ជាកេរដំណែលដល់ខ្លួន! ឆ្ងល់ថា តើមានកូនខ្មែរ ប៉ុន្មាននាក់ ដែលស្គាល់ «ល្ខោនខោល» ប៉ុន្មាននាក់ស្គាល់ «ល្ខោនស្បែកតូច» ស្បែកធំ «ស្គាល់ល្ខោនអាប៉េ» ។ល។ និង។ល។ តើស្គាល់ច្រើនជាងពួក ដែលដើររុករកដើររកប្រមែប្រមូល សម្បត្តិវប្បធម៌ ដែលខ្មែរ បោះចោលទៅធ្វើជារបស់ពួកគេនោះទេ?»

លោក គួច ខេវិន បានបន្តថា «គួរគិត ហើយពិចារណាផងថា ពេលនេះខ្មែរច្រើនណាស់បានលា «អង្គរ» ហើយសូម្បីតែឈ្មោះកូនក៏ពួកគេលែង ប្រើឈ្មោះតំណរដូនតាដែរ គឺគ្មានឡើយ អា សម អាសួន…គឺមានតែអាដេវីដ អាមីសែល…។ បើខ្មែរមិនស្តាយអង្គរ មិនខ្វល់ពីមរតកបុព្វបុរស មិនស្រណោះដូនតាផងនោះ តើទៅសោកស្តាយធ្វើអ្វី សព្វបើ សិល្បៈដែលខ្លួនឯង មិនស្គាល់នោះ?»

​អ្នកដឹកនាំ ក៏ដូចជារៀបចំ កម្មវិធីទូរទស្សន៍ដ៏ល្បីរូបនេះ បានបន្តថា «បើស្តាយត្រូវស្គាល់ ហើយត្រូវចេះរក្សា!! តើនេះជាកំហុសអ្នកណា Oh! ពិតជាត្រឹមត្រូវណាស់ ឯកឧត្តមពូ… យើងត្រូវតែនាំគ្នាដេក និងរក្សាភាពស្ងៀមស្ងាត់តទៅទៀត…ហើយយើងនាំគ្នាត្រៀមលើកដៃទះ អបអរសាទរដល់អាចោរស៊ូពូជនេះ ឲ្យហើយនៅ? សូម្បីប្រាសាទព្រះវិហារ របស់ខ្មែរយើង ដែលមានចុះបញ្ជី ត្រឹមត្រូវនៅទីក្រុងឡាអេយ៉ាងច្បាស់ ក៏នៅតែអាចោរមួយសំបុកនេះ អះអាងថា ជារបស់វាដែរ ចុះទម្រាំល្ខោនខោល…តើខ្មែរមានឯកសារអ្វីខ្លះ ដែលជាការអះអាងថា ជារបស់យើង? ដេកទើបតែភ្ញាក់ វាយឺតពេលហើយ!»

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាល្ខោនខោលនេះ បានធ្វើឲ្យមហាជន យុវវ័យ និងអ្នកសិល្បៈជាច្រើន បានសម្ដែងការឈឺឆ្អាល និងរង់ចាំមើលយ៉ាងអន្ទះសារនូវលទ្ធផល ពីអង្គការ UNESCO ក្នុងការដាក់ ល្ខោនខោល ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយខ្លាចអង្គការពិភពលោកមួយនេះ ប្រកាសថា ល្ខោនខោល ជារបស់ថៃ ខណៈសម្បត្តិវប្បធម៌សិល្បៈមួយនេះ ជារបស់ខ្មែរ យ៉ាងពិតប្រាកដ៕