(ភ្នំពេញ)៖ តារាចម្រៀងសំឡេងស្រទន់  អ្នកនាង សុគន្ធ នីសា ថ្វីត្បិតតាស្រីរូបនេះ បានរៀបអាពាហ៍ពិពាហ៍ ​សាងសុភមង្គលស្នេហា ជាមួយស្វាមី មានរយៈពេលជិត១ឆ្នាំ ហើយក៏ពិត​មែន ប៉ុន្តែជារឿយៗ ត្រូវបានគេកត់សម្គាល់ឃើញ នាង​តែងតែទម្លាយសាររៀបរាប់ ហាក់​កំពុងមានវិបត្តិផ្លូវចិត្ត នៅក្នុងខ្លួនធ្វើឲ្យមហាជន មានការសង្ស័យ​ស្ទើរគ្រប់គ្នា។

ជាការពិត អ្នកនាង សុគន្ធ នីសា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ជាមួយស្វាមី ដែលមានឋានៈធំ ក្នុងក្រុមហ៊ុនឯជនមួយ គឺភាគច្រើនគេកម្ររឃើញតារាស្រី សុគន្ធ នីសា បង្ហោះរូបថតបង្ហាញពីការផ្អែមល្ហែម ស្នេហានឹងសា្វមីណាស់​។ ផ្ទុយមកវិញ រាល់ការបញ្ចេញសារ ឬ​បង្ហោះរូបភាព ​គឺតារាស្រីម្នាក់នេះ តែងបង្ហាញពីអារម្មណ៍ ហាក់មិនសប្បាយចិត្ត​ឡើយ។

ថ្មីៗនេះ តារាចម្រៀងអ្នក​នាង សុគន្ធ នីសា ត្រូវបានគេកត់សម្គាល់ឃើញនាង បានទម្លាយសារជាបន្តបន្ទាប់មកថា «ទុក្ខសោក វាមិនមែនជាអន្ទាក់ ទាក់នរណាម្នាក់ ឲ្យនៅជាមួយយើងមួយជីវិតនោះទេ គេអាចចូលមកបន្តិច ដើម្បីលួងយើងឲ្យរីករាយ យើងត្រូវតែឆាប់រីករាយវិញ។ ​រីករាយ​ទើបជាអន្ទាក់ ជាគោលដៅដែលមនុស្សម្នាក់ៗចង់បាន យើងមិនអាចចង់បានការលួងលោមពីគេ ហើយចេះតែកើតទុក្ខបន្តទៀតទេ»

តារាចម្រៀងសំនៀងផ្អែម អ្នកនាង សុគន្ធ នីសា លើកឡើងទៀតថា «ថ្ងៃណាមួយគេនឹងចាកចេញ ទៅរកកន្លែងផ្សេងដែលរីករាយ ​មិនមែននៅឱបទុក្ខសោក នៃការលួងលោមយើងមួយជីវិតនោះឡើយ»។ ជាមួយគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃកន្លងមកតារាចម្រៀង សុគន្ធ នីសា​ ក៏បានបញ្ចេញសាររបស់ខ្លួន ដែរថា «យើងអាចខ្វល់ពីអ្នកដទៃបាន ដោយមិនគិតពីខ្លួនឯង តែយើងមិនអាចឃាត់នរណាម្នាក់ មិនឲ្យគិតពីខ្លួនគេដូចយើងបានទេ គេក៏អាចចេញពីយើង ដោយហេតុផលដើម្បីជីវិតគេ គឺត្រឹមត្រូវ ហើយចុងក្រោយអ្នកដែលខុស គឺយើងខ្លួនឯងដែលមិនបានគិតពីខ្លួនឯង»

គិតមកទល់ពេលនេះ នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ ឬបង្ហើបឲ្យដឹងទេថា តើអ្នកនាង សុគន្ធ នីសា កំពុងមានវិបត្តិផ្លូវចិត្ត នឹងរឿងរ៉ាវអ្វីមួយ ឬកំពុងតែមានភាពរកាំរកូស ជាមួយគ្រួសាររបស់នាងឡើយ? នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ក៏មិនអាចស្វែងរកការសួរនាំពីសាមីខ្លួន អ្នកនាង សុគន្ធ នីសា បាននៅឡើយទេ៕