(ភ្នំពេញ)៖ ជាការពិតបញ្ហាល្ខោនខោល កំពុងក្លាយប្រធានបទដ៏ក្តៅគគុកមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក រវាងប្រជាជនខ្មែរ និងថៃ ខណៈថ្ងៃសម្រេចរបស់អង្គការ UNESCO កំណត់ថា ទម្រង់សិល្បៈបុរាណមួយនេះ ជាកេរ្តិ៍មរតករបស់ប្រទេសមួយណា ឲ្យពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ ខាងក្រសួងពាក់ព័ន្ធ ក៏បានគិតគូររួចជាស្រេចហើយដែរ ដូច្នេះដើម្បីឲ្យបងប្អូនខ្មែរចូលរួម លើកកម្ពស់វប្បធម៌ខ្មែរបន្ថែម លោក ឯម រៀម ដែលជាវិចិត្រករ និងអ្នកច្នៃម៉ូដដ៏ល្បីមួយរួប បានសំណូមពរឲ្យមហាជន នាំគ្នាចូលរួមមហោស្រពជាតិ អំពីស្រោមមុខ​ហនុមាន ដែលធ្វើឡើងនៅខែវិច្ឆិកា ខាងមុននេះទាំងអស់គ្នាវិញ ខណៈវាជាផ្នែកមួយនៃទម្រង់សិល្បៈរបស់ខ្មែរ។

ភ្ជាប់ជាមួយនឹងរូបភាពជាច្រើនសន្លឹក លោក ឯម រៀម បានសរសេរសារដោយមានខ្លឹមសារ យ៉ាងដូច្នេះថា «សូមចែករំលែក ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និង​រៀបចំមហោស្រពជាតិ អំពីស្រោមមុខ ហនុមាន នៅថ្ងៃទី ២,៣ និងទី៤ ខែវិច្ឆិកា ២០១៨ នៅបណ្ណាលយ័ជាតិ ខាងលិចវត្តភ្នំ។ ​សូមបង​ប្អូន មេត្តាស្ងប់ស្ងាត់ កុំពុះកញ្ជ្រោលអំពី ល្ខោនខោលពេញបណ្តាញសង្គម FB ពាក់ព័ន្ធនឹងពេលវេលា​ កាន់តែកៀកលើការសម្រេចរបស់អង្គការ UNESCO រឿង ល្ខោនខោលថា ជារបស់ខ្មែរ ឬ ថៃ។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំង UNESCO ប្រចាំនៅទីក្រុងភ្នំពេញ គឺលោកគិតគូណាស់ពីរឿងនេះ ហើយ​សូមរង់ចាំលទ្ធផលជាផ្លូវការ​។ ​យើងកូនខ្មែរគ្រប់រូប ត្រូវបួសសួងឲ្យល្ខោនខោល ជាល្ខោន របស់ខ្មែរ»

ការលើកឡើងរបស់លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗ និងជាតារាម៉ូដែលប្រុស​នៅពេលនេះ គឺធ្វើឡើងស្របពេល ដែល​បងប្អូនខ្មែរជាច្រើនកំពុង ធ្វើការបង្ហោះ ក៏ដូចជា​ចែកចាយនូវទម្រង់សិល្បៈល្ខោនខោល យ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក។ ទន្ទឹមគ្នានេះ គឺបន្ទាប់ពីប្រទេសថៃ​ បានស្នើ​សុំទៅអង្គការ UNESCO ឲ្យដាក់បញ្ចូលទម្រង់សិល្បៈបុរាណល្ខោនខោល ជាកេរ្តិ៍មរតករបស់ខ្លួន ខណៈការស្នើ​សុំនេះ បានធ្វើឲ្យប្រជាជាតិខ្មែរ ដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយ នៅអាស៊ីអាគ្នេយ៍ និងជាម្ចាស់សិល្បៈល្ខោនខោល មានការក្តៅស្លឹកត្រចៀក​ជាខ្លាំង។    

យ៉ាងណាមិញ ចំពោះការសម្រេចរបស់របស់អង្គការ UNESCO កំណត់ល្ខោនខោលថា ជារបស់ប្រទេសណាឲ្យប្រាកដ យើងនៅមិនទាន់ដឹងនៅឡើយទេ។ តែយ៉ាងណា ប្រជាជនខ្មែរស្ទើរពេញផ្ទៃប្រទេស មានសង្ឃឹមយ៉ាងមុតមាំថា អង្គការ UNESCO នឹងធ្វើការសម្រេចវិនិឆ្ឆ័យយ៉ាងត្រឹមត្រូវ ថាទម្រង់សិល្បៈមួយនេះជារបស់ខ្មែរ ព្រោះបើវិភាគពីការកកើតទឹកដី រវាងប្រទេសទាំងពីរ គឺសបញ្ជាក់យ៉ាងច្បាស់ថា ទម្រង់សិល្បៈមួយនេះជារបស់ខ្មែរ ព្រោះខ្មែរកកើតទឹកដីមុន និងមានវប្បធម៌ អរិយធម៌ដ៏ចំណាស់មកហើយ ខណៈប្រទេសសៀម​ (ថៃ)​គ្រាន់តែជាប្រទេសកើតក្រោយ និងចម្លងសិល្បៈវប្បធម៌ អក្សរសាស្រ្ត និងក្បួនច្បាប់ផ្សេងពីខ្មែរប៉ុណ្ណោះ៕