(ម៉ូណាកូ)៖ ក្រុមរបស់កីឡាករ Cristiano Ronaldo សេះបង្កង់ Juventus ត្រូវបានចាប់ឆ្នោតប៉ះក្លឹបចាស់របស់គេ បិសាចក្រហម Manchester United ប្រចាំពូល H ក្នុងវគ្គចែកពូលនៃ UEFA Champions League ដែលត្រូវបានធ្វើ ឡើងនៅទីក្រុងម៉ូណាកូ ប្រទេសបារាំងនាយប់មិញនេះ។

ទន្ទឹមគ្នានោះ ក្រុមជើងឯករបស់អ៊ីតាលី ក៏ត្រូវប្រឈមមុខជាមួយ ២ក្រុមផ្សេងទៀតផងដែរ រួមមាន Valencia របស់អេស្ប៉ាញ និង Young Boys របស់ស្វីស ដែលនឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។

តារាឆ្នើមវ័យ ៣៣ឆ្នាំ Ronaldo ធ្លាប់បានចំណាយពេល ៦ឆ្នាំ លេងឲ្យក្លឹបអង់គ្លេស បិសាចក្រហម Manchester United ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ដោយបានជួយឲ្យក្លឹបនេះឈ្នះជើងឯក Champions League ម្តងដែរ មុនពេល ឈ្នះពាននេះ ៤ដងទៀត ពេលលេងឲ្យ Real Madrid ៩ឆ្នាំ មុនផ្លាស់ចេញទៅលេងឲ្យ Juventus កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ខាងក្រោមនេះជាលទ្ធផលចាប់ពូលនៃគូផ្សេងទៀតរួមមាន៖
ពូល A៖ Atletico Madrid, Borussia Dortmund, Monaco និង Club Brugge។
ពូល B៖ Barcelona, Tottenham Hotspur, PSV Eindhoven និង Inter Milan។
ពូល C៖ Paris St-Germain, Napoli, Liverpool និង Red Star Belgrade។
ពូល D៖ Lokomotiv Moscow, Porto, Schalke និង Galatasaray។
ពូល E៖ Bayern Munich, Benfica, Ajax និង AEK Athens។
ពូល F៖ Machester City, Shakhatar Donetsk, Lyon និង Hoffenheim។
ពូល G៖ Real Madrid, Roma, CSKA Moscow និង Viktoria Plzen។
ពូល H៖ Juventus, Manchester United, Valencia និង Young Boys៕