(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នាចុងសប្ដាហ៍នេះហើយ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើង នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ។ ចាំមើលតើក្រុមណាខ្លះ នឹងក្លាយជាបេក្ខភាពប្រជែងជើងឯកពានប្រើប្រាស់កីឡាករក្នុងស្រុកនេះ នៅវគ្គផ្ដាច់ព្រ័ត្រ?

សម្រាប់កម្មវិធីប្រកួត គឺធ្វើ ២ថ្ងៃខុសគ្នា ដោយនៅថ្ងៃទី០១ ខែកញ្ញាស្អែកនេះ ក្រុមណាហ្គាវើល នឹងត្រូវជួបក្រុម​ក្រសួងការពារជាតិ បន្ទាប់មកទើបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមអង្គរថាយហ្គឺរ ០២ ខែកញ្ញា នាវេលាម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់។ ការប្រកួតនេះក៏មានលក់សំបុត្រ​ចូលរួមទស្សនាផងដែរ ដោយសំបុត្រមានតម្លៃ ៥,០០០រៀល និង ៣,០០០រៀល។

ចំពោះរូបមន្ដប្រកួតវិញ នឹងធ្វើតែ ១ជើងប៉ុណ្ណោះ ដោយក្រុមឈ្នះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមចាញ់ នឹងទទួលបានចំណាត់ថ្នាក់លេខ ៣ ស្ទួន ដោយឆ្លងកាត់ការប្រកួតប្រជែង ដូចសព្វដងឡើយ ពោលគឺ​ប្រកួតកំណត់យកតែក្រុមជើងឯកប៉ុណ្ណោះ។ យ៉ាងណាមិញតំណាងក្រុមខ្លាំងទាំង ៤ សុទ្ធតែបានអះអាងថា បានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការប្រកួតវគ្គសំខាន់នេះ ហើយក៏បានចាត់ទុកជាការប្រកួតដ៏តានតឹងផងដែរ ព្រោះការប្រកួតធ្វើឡើងតែ ១ជើង៕